នៅថ្ងៃអង្គារ ទី១៣ ធ្នូ ប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិដើម្បីជួយគាំទ្រប្រទេសអ៊ុយក្រែន។ មានប្រទេសប្រមាណជា ៤០ប្រទេស និងអង្គការប្រមាណជា ២០អង្គការបានចូលរួមដោយផ្ទាល់នៅក្នុងសន្និសីទអន្តរជាតិនេះ។ សន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែនពេលនេះបានរៀបចំឡើង ខណៈដែលសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានអូសបន្លាយជាង ៩ខែ និងដែលក្នុងរយៈពេលចុងក្រោយនេះ រុស្ស៊ីបានសម្រុកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល។