នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ គឺប្រហាក់ប្រហែលនឹង ២លាននាក់ ដែលរងផលប៉ះពាល់ដោយបញ្ហាអតិផរណាដែលឡើងខ្ពស់មិនធ្លាប់មានរហូតជាង៧% នៅឆ្នាំ ២០២២នេះ។ ពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាគោលដៅដែលត្រូវទទួលបានកញ្ចប់ថវិកាជំនួយសង្គមនេះ។ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថាកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលនៅពេលនេះ មិនយឺតពេលទេ ដែលនេះជាផ្នែកមួយជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋសម្រាប់រយៈពេលខ្លី និងរយៈពេលបង្គួរ។