នៅរសៀលថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានជជែកគ្នាតាមប្រព័ន្ធអនឡាញជាមួយមេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំង ដោយលោក ហ៊ុន សែន បានដាក់សំណើចំនួន៤ចំណុចទៅកាន់លោក មីន អ៊ុងឡាំង។ ចំណុចទាំងនោះរួមមានការស្នើឲ្យមេដឹកនាំយោធាភូមាខិតខំអនុវត្តគោលការណ៍ឯកច្ឆ័ន្ទទាំង៥របស់អាស៊ាន បើកផ្លូវឲ្យប្រេសិតពិសេសប្រធានអាស៊ានបានទៅទស្សនកិច្ចនៅភូមា បញ្ឈប់អំពើហិង្សាជាដើម។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ីយល់ថាដំណោះស្រាយបញ្ហាភូមា គឺអាស្រ័យទៅលើឆន្ទៈរបស់មេដឹកនាំរបបសឹកភូមាផ្ទាល់។លោកថា បើមិនមានអ្វីប្រែប្រួលនាពេលខាងមុខ ប្រទេសអាស៊ានមួយចំនួន នឹងបង្វែរទិសទៅគាំទ្ររដ្ឋាភិបាលរួបរួមជាតិ ដែលប្រឆាំងនឹងរដ្ឋាភិបាលយោធាភូមាបច្ចុប្បន្ន។