ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកាមក ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានចូលរួមពីសហរដ្ឋអាមេរិក និងចិនផងដែរ។ លោកបណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានថ្លែងថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ជាពិសេសពីចិន និងអាមេរិកគួរសម ពីការចូលរួមរបស់ប្រទេសមហាអំណាចទាំងពីរ ខណៈដែលចិនបានព្យាយាមពង្រីកអំណាចជាបងធំអាស៊ី និងឈានទៅក្តាប់ពិភពលោក។ ក៏ប៉ុន្តែលោកបណ្ឌិត រ៉ូ វណ្ណៈ បញ្ជាក់ថាកម្ពុជានៅតែមិនទាន់មានទំនុកចិត្តពីអាមេរិកជុំវិញការសង្ស័យពីការដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា និងអព្យាក្រិតភាពរបស់ប្រទេសនេះ អំឡុងពេលនៃការគ្រប់គ្រងអំណាចដោយឯកបក្ស។