នៅថ្ងៃអាទិត្យទី ១១ កញ្ញានេះ ពលរដ្ឋស៊ុយអែត ជាង៧លាននាក់កន្លះ ត្រូវចេញទៅបោះឆ្នោតសភា។ ក្នុងបរិបទនៃវិបត្តិអន្តរជាតិដ៏ធ្ងន់ធ្ងរ ផ្តើមដោយសង្គ្រាមនៅអ៊ុយក្រែន និងក្នុងខណៈដែលស៊ុយអែតកំពុងរង់ចាំចូលជាសមាជិកអង្គការអូតង់ ការបោះឆ្នោតសភាថ្ងៃនេះ មានទម្រង់និងអត្ថន័យពិសេសគួរឱ្យកត់សម្គាល់ ៖ គូប្រជែងមានសំឡេងប្រកៀកប្រកិតគ្នាខ្លាំង គណបក្សប្រជាធិបតេយ្យស៊ុយអែត ដែលជាគណបក្សជាតិនិយមជ្រុល បានឡើងសំឡេងជាគំហុក។ តើស៊ុយអែតនឹងក្លាយជាប្រទេសនៅអឺរ៉ុបថ្មីមួយទៀត ដែលមានរដ្ឋាភិបាលកើតចេញពី គណបក្សជាតិនិយមជ្រុល ? ឬក៏រដ្ឋាភិបាលកំពុងកាន់អំណាចអាចបន្តដឹកនាំប្រទេសជាគម្រប់អាណត្តិទីបី ?