កាលពីថ្ងៃអាទិត្យ ទី១២មិថុនា នៅបារាំងមានការបោះឆ្នោតជ្រើសរើសសមាជិកសភា ជុំទី១។ យោងតាមលទ្ធផលបឋម គណបក្សរបស់លោកប្រធានាធិបតីម៉ាក្រុង កំពុងតែប្រឈមនឹងការលំបាកខ្លាំង ដោយមិនអាចមានសមាជិកសភាគ្រប់ចំនួន បានសំឡេងភាគច្រើននៅក្នុងសភាទេ។ ដោយឡែក សម្ព័ន្ធគណបក្សឆ្វេងនិយមវិញ បានកើនសន្ទុះខ្លាំង ដោយបាននាំមុខបន្តិចបន្តួចលើគណបក្សលោកម៉ាក្រុង។ យ៉ាងណាក៏ដោយ ការបោះឆ្នោតសភាបារាំង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានអត្រាអ្នកមិនទៅបោះឆ្នោតខ្ពស់បំផុត ពោលគឺប្រមាណជាជាង៥២% ដែលនេះបានបង្ហាញអំពីការមិនចាប់អារម្មណ៍ និងការនឿយណាយនឹងបញ្ហានយោបាយជាតិ ពីសំណាក់ប្រជាពលរដ្ឋបារាំងភាគច្រើន។