នៅថ្ងៃអាទិត្យទី ១២ធ្នូ ២០២១នេះ នូវែលកាឡេដូនី ដែនដីបារាំងនៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក រៀបចំបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យពីបារាំង ស្របតាមនីតិវិធីនៃការបញ្ចប់របបអាណានិគមនិយម។ ខុសពីពីរលើកមុន អត្រាអ្នកទៅចូលរួមបោះឆ្នោតបានធ្លាក់ចុះយ៉ាងខ្លាំង ដោយក្រុមអ្នកឯករាជ្យនិយម បានប្រកាសឱ្យពហិការមិនទៅបោះឆ្នោត។ ប៉ុន្តែ ការបោះឆ្នោតប្រជាមតិជាលើកទីបី និងជាលើកចុងក្រោយនេះ បានទទួលការចាប់អារម្មណ៍ខ្លាំងបំផុត ព្រោះវាមានតម្លៃភូមិសាស្ត្រនយោបាយ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលតែម្តង មិនមែនកំរិតត្រឹមឯករាជ្យកោះនូវែលកាឡេដូនីមួយនេះទេ។