រដូវក្តៅឆ្នាំ២០២២នេះ គ្រោះរាំងស្ងួតមិនមែនធ្វើបាប ត្រឹមតែនៅតាមប្រទេសអឺរ៉ុបទេ។ នៅសហរដ្ឋអាមេរិកឯណោះ បញ្ហារាំងស្ងួតនេះ កំពុងតែចោទឡើងជាខ្លាំង ជាពិសេសនៅតាមបណ្តារដ្ឋភាគកណ្តាល នឹងភាគខាងត្បូង ដែលសំបូរទៅដោយវាលខ្សាច់។ ទន្លេខូឡូរ៉ាដូ គឺជាប្រភពទឹកដ៏សំខាន់បំផុតនៅតាមរដ្ឋទាំងនោះ។ ក៏ប៉ុន្តែកំពស់ទឹកទន្លេនេះ បានរីងស្ងួតកាន់តែខ្លាំង គួរឲ្យព្រួយបារម្ភបំផុត។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលសហព័ន្ធអាមេរិក បានសម្រេចកាត់បន្ថយកូតានៃការប្រើប្រាស់ទឹក នៅតាមរដ្ឋតាមបណ្តោយទន្លេខូឡូរ៉ាដូ ព្រមទាំងនៅប្រទេសមិចស៊ិកផងដែរ។