រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងកិន អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង នៅថ្ងៃអាទិត្យទី១៨មិថុនា ដើម្បីជួបនិយាយជាមួយសមភាគីចិន ខណៈភាពតានតឹងផ្នែកការទូត រវាងចិននិងសហរដ្ឋអាមេរិក កាន់តែឡើងកម្រិត។ ដូចប្រមុខការទូតរបស់ខ្លួនដែរ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅប៉េកាំង នឹងជួយបន្ថយបន្ធូរសភាពការណ៍តានតឹង ហើយរូបលោក ចូ បៃដិន ខ្លួនឯង ក៏សង្ឃឹមថានឹងបានជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅ«ប៉ុន្មានខែខាងមុខនេះ»។