អង្គការអូតង់បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិចំនួនពីរថ្ងៃដោយចាប់ផ្តើមក្នុងថ្ងៃពុធ ទី១២ តុលានៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ទន្ទឹមនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិរបស់អូតង់ ក៏មានកិច្ចប្រជុំអង្គការនៃក្រុមដៃគូទំនាក់ទំនងដើម្បីអ៊ុយក្រែនដែលមានសមាជិកជាង ៥០ប្រទេស។ កិច្ចប្រជុំទាំងពីរនេះធ្វើឡើង ក្រោយពីរុស្ស៊ីបានបាញ់មីស៊ីលយ៉ាងគំហុកលើទឹកដីអ៊ុយក្រែននារយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។ ដោយឡែក ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ហៅកាត់ G៧ បានសន្យានាកិច្ចប្រជុំតាមអនឡាញក្នុងថ្ងៃចន្ទ ទី១១ តុលាដោយស្នើឲ្យប្រធានាធិបតីរុស្ស៊ីលោកពូទីនចេញមុខទទួលខុសត្រូវនៅចំពោះការបាញ់មីស៊ីលលើអ៊ុយក្រែន។