ល្ងាចថ្ងៃអាទិត្យទី៣មេសា អ៊ុយក្រែនបានផ្សព្វផ្សាយរូបថត និងវីដេអូជាច្រើន ដែលបង្ហាញពីការសម្លាប់រង្គ្រាល លើប្រជាជនស៊ីវីលអ៊ុយក្រែន នៅក្រុងប៊ូតឆា (Boutcha) ដែលស្ថិតនៅជាយភាគពាយ៍ព្យ រដ្ឋធានីកៀវ។ មានសាកសពមនុស្ស ប្រមាណ៤១០នាក់ ដែលគេបានរកឃើញ ខ្លះនៅស្លាប់រប៉ាត់របាយនៅតាមផ្លូវ ក្នុងនោះមានខ្លះមានដៃជាប់ចំណង ព្រមទាំងសាកសពនៅក្នុងរណ្តៅរួម ជាច្រើនទៀត។ ថ្នាក់ដឹកនាំប្រទេសខ្លះ បានប្រកាសថ្កោលទោសកងទ័ពរុស្ស៊ី ថាបានធ្វើ “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយខ្លះទៀត ហ៊ានដល់ទៅសង្ស័យថា វាជា “អំពើប្រល័យពូជសាសន៍” ថែមទៀតផង។ យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកអំពើកាប់សម្លាប់នៅប៊ូដឆា ថាជាអំពើប្រល័យពូជសាសន៍ ដែលកងទ័ពរុស្ស៊ីបានធ្វើ។