រដូវក្តៅទើបតែចាប់ផ្តើមទេនៅអឌ្ឍគោលខាងជើង ប៉ុន្តែមួយផ្នែកធំនៃតំបន់នេះបានរងរលកកម្តៅយ៉ាងខ្លាំង និងខ្លាំងជ្រុលស្រេចទៅហើយ។ ភពផែនដី ពីលិចទៅកើត កំពុងរងលក្ខខណ្ឌអាកាសធាតុបែបហួសហេតុគ្រប់បែបយ៉ាង ៖ រលកកម្តៅលើផ្ទៃដី លើផ្ទៃទឹក ទឹកជំនន់ ភ្លើងឆេះព្រៃ... តាំងពីនៅអាមេរិក ឆ្លងទៅអឺរ៉ុប និងរហូតដល់ចិន សីតុណ្ហភាពត្រូវឡើងខ្ពស់បំបែកកំណត់ត្រាចាស់ នាចុងសប្តាហ៍នេះតែម្តងផង។ លក្ខខណ្ឌអាកាសធាតុក្តៅហួសហេតុ កាន់តែច្រើន កាន់តែឆាប់ និងកាន់តែខ្លាំងនេះ គឺដោយមូលហេតុអាកាសធាតុប្រែប្រួល ផែនដីឡើងកម្តៅ។