តាំងពីថ្ងៃពុធ ប្រជាជនអាមេរិក ប្រមាណ ១០០លាននាក់ នៅភាគខាងកើតប្រទេសប្រឈមនឹងផ្សែងពុលបរិយាកាស ដែលបណ្តាលមកពីភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ នៅប្រទេសកាណាដា។ នៅទីក្រុងញូវយ៉ក ដែលគ្របដណ្តប់ដោយផ្សែងពុលក្រាស់ឃ្មឹក ពណ៌លឿង អាជ្ញាធរអំពាវនាវឲ្យប្រជាជនកាត់បន្ថយ ការដើរហើរចេញទៅខាងក្រៅ ដើម្បីជៀសវាងស្រូបផ្សែងពុល សារធាតុល្អិតឆ្មារដែលអាចជ្រាបចូលក្នុងសរសៃឈាម គ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាព។ នៅខេត្តកេបិច ប្រទេសកាណាដា ប្រភពនៃផ្សែងភ្លើងឆេះព្រៃ ដែលស្ថិតនៅចម្ងាយជាង ៨០០គីឡូម៉ែត្រពីទីក្រុងញូវយ៉ក ក្រុមពន្លត់អគ្គិភ័យកំពុងដុតដៃ ដុតជើង ទាំងយប់ទាំងថ្ងៃ ដើម្បីពន្លត់ភ្លើងឆេះព្រៃដែល សរុបជាង ១៦០កន្លែង។