នៅសហរដ្ឋអាមេរិក មានករណីបាញ់រះថ្មីមួយទៀត បានកើតឡើងកាលពីថ្ងៃអង្គារ ទី២៤ឧសភា នៅក្នុងសាលាបឋមសិក្សាមួយកន្លែង ក្នុងរដ្ឋតិចសាស់។ ខ្មាន់កាំភ្លើងដែលជាឃាតករ មានអាយុ១៨ឆ្នាំ បានចូលទៅបាញ់រះ សម្លាប់កុមារតូចៗ ចំនួនយ៉ាងហោច១៩នាក់ និងមនុស្សចាស់២នាក់ផ្សេងទៀត។ គួររំលឹកថា កាលពីថ្ងៃទី១៤ឧសភាថ្មីៗនេះ សហរដ្ឋអាមេរិក ទើបតែបានរំជួលចិត្ត តក់ស្លុត ជាមួយនឹងហេតុការណ៍បាញ់រះមួយ នៅក្រុងប៊ូហ្វាឡូ ក្នុងរដ្ឋញូយ៉ក ដែលខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំដែរ បានបាញ់រះសម្លាប់មនុស្សចំនួន១០នាក់។ ករណីបាញ់រះ ផ្ទួនៗគ្នាឥតស្រាកស្រាននេះ បានបំផុសឲ្យកក្រើកឡើងវិញ នូវការជជែកគ្នា ស្តីអំពីការធ្វើច្បាប់គ្រប់គ្រងអាវុធនៅសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណា បិទបញ្ចប់ការបាញ់រះ សម្លាប់ជីវិតមនុស្សយ៉ាងសាហាវបែបនេះ។