វិបត្តិអ៊ុយក្រែនកំពុងបន្តជាសំណុំរឿងក្តៅរវាងក្រុមបស្ចិមប្រទេស និងរុស្ស៊ី។ តាមក្រុមអ្នកទទួលខុសត្រូវអាមេរិក រុស្ស៊ីកំពុងបង្កើនការរៀបចំចូលឈ្លានពានអ៊ុយក្រែនក្រោមទ្រង់ទ្រាយធំ។ ព័ត៌មាននេះបានធ្លាក់មក ចំពេលដែលសហភាពអឺរ៉ុបកំពុងបន្តប្រើយន្តការការទូតដើម្បីដោះស្រាយវិបត្តិ។ ប្រធានាធិបតីបារាំងលោកម៉ាក្រុងក្នុងនាមជាប្រធានប្តូរវេនសហភាពអឺរ៉ុបបានជួបសន្ទនាតាមទូរស័ព្ទក្នុងថ្ងៃសៅរ៍ ទី៥ កុម្ភៈជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស និងប្រមុខអង្គការអូតង់។ កិច្ចសន្ទនាបានធ្វើឡើងមុននឹងលោកម៉ាក្រុងធ្វើដំណើរទៅកាន់រុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃចន្ទ ទី៧ និងថ្ងៃអង្គារ ទី៨ កុម្ភៈ។