ដើមសប្តាហ៍នេះ រាជទាយាទ ព្រះអង្គម្ចាស់ មូហាម៉េដ បេន សាល់ម៉ាន បានបង្ហាញជាថ្មី គម្រោងមហាទីក្រុងទំនើបនៅអារ៉ាប៊ីសាអូឌីត ដែលត្រូវសាងសង់លើសមុទ្រ ហើយកាត់វាលខ្សាច់និងភ្នំ ចម្ងាយ១៧០គីឡូម៉ែត្រ។ នេះគឺជាមហាគម្រោងក្រុងថ្មី ដើម្បីស្តារមុខមាត់ព្រះរាជាណាចក្រ និងដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ហើយក៏ដើម្បីបំពេញតម្រូវការកំណើនប្រជាជន ផង។ អារ៉ាប៊ីសាអូឌីត រំពឹងថានឹងមានប្រជាជនរស់នៅមហាបណ្តុំទីក្រុងថ្មី ប្រមាណ១០០លាននាក់ នាឆ្នាំ២០៤០។ ក៏ប៉ុន្តែ មហាក្រុងថ្មីនេះ ត្រូវអ្នកសេដ្ឋកិច្ចនិងស្ថាបត្យករ យល់ថា «លំបាកនឹងទៅរួច» ប្រសិនបើផ្អែកទៅលើផ្នែកវិនិយោគលុយកាក់សម្រាប់សាងសង់ ហើយចំណែក មហិច្ចតាផ្នែកបរិស្ថានដែលគ្រោងមិនបញ្ចេញផ្សែងពុល ក៏សឹងតែគេមិនជឿ។