ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាយុ៨០ឆ្នាំ​ ​តើអង្គការ​សហប្រជាជាតិអាច​ជំនះវិបត្តិហិរញ្ញវត្ថុ និងពាក្យប្រមាថរិះគន់ដែរឬទេ?


Listen Later

កាលពី​៨០ឆ្នាំមុន នៅថ្ងៃទី​២៦មិថុនា ប្រទេស​ចំនួន​៥០​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ​នៅទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។ នៅថ្ងៃព្រហស្បតិ៍ទី​២៦​មិថុនានេះ អង្គការ​សហប្រជាជាតិត្រូវ​ប្រារព្ធខួប៨០ឆ្នាំ​នៃ​ធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើត​អង្គការ​សហប្រជាជាតិជាផ្លូវការ​ ប៉ុន្តែ ការប្រារព្ធខួបកំណើត​៨០ឆ្នាំ​ប្រព្រឹត្តទៅ​ នៅក្នុង​កាលៈទេសៈមួយ​ដែល​ស្ថាប័នអន្តរជាតិកំពូល​មួយនេះ កំពុង​ជួប​វិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងបាត់បង់​សំឡេង​ ឥទ្ធិពល​នៅក្នុង​ពិភពលោក​មួយដែលសង្រ្គាម ជម្លោះប្រដាប់អាវុធ និង​គ្រោះមហន្តរាយមនុស្សធម៌​ផ្ទុះឡើង​សឹងនៅគ្រប់​ទីកន្លែង។ ​មានអាយុ​៨០ឆ្នាំ តើ​អង្គការ​សហប្រជាជាតិនឹង​​រស់រាន ឆ្លងរួចផុត​ពីវិបត្តិ​ដ៏ធំ​លើកនេះឬ ក៏ត្រូវ​ដួលរំលំ​ដូច​សង្គម​ប្រជាជាតិ​កាលពី​ឆ្នាំ​១៩៤៦​? 

នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ១៩៤៥ ប្រទេស​ចំនួន​៥០​បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញសហប្រជាជាតិ​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​ ដែលបាន​បើកផ្លូវ​ឲ្យបង្កើតអង្គការ​សហប្រជាជាតិ​ជាផ្លូវការ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ក្នុង​ឆ្នាំ​ដដែល (ថ្ងៃទី​៤​តុលា​ឆ្នាំ ១៩៤៥)។ គេ​មាន​គំនិតផ្តួចផ្តើមបង្កើត​អង្គការ​សហប្រជាជាតិកាលពី​៨០ឆ្នាំមុន ដើម្បី​ជំនួស​អង្គការ​សង្គម​ប្រជាជាតិ​ដែល​បរាជ័យ​មិនអាច​ទប់ស្កាត់​សង្រ្គាម​លោក​លើកទី២ និង​ដួលរលំ​ដោយសារតែ​ការដកខ្លួន​ជាបន្តបន្ទាប់​របស់ប្រទេស​សមាជិក។

អង្គការសហប្រជាជាតិ​ត្រូវ​បានបង្កើតឡើង​នៅប៉ុន្មាន​ខែ​ក្រោយ​ការបិទបញ្ចប់សង្រ្គាម​លោកលើកទី២ នៅក្នុង​គោលដៅទប់ស្កាត់​មិនឲ្យ​មនុស្ស​ជំនាន់ក្រោយរងគ្រោះដោយសារ​សង្រ្គាម​ប្រល័យលោកសាជាថ្មី។ ទោះពិភពលោក​មិនទាន់​ជួបសង្រ្គាម​ធំដូច​សង្រ្គាម​លោក​ទាំងពីរលើក ប៉ុន្តែ សង្រ្គាមថ្នាក់តំបន់ សង្រ្គាមស៊ីវិល ជម្លោះប្រដាប់អាវុធ​បាន​កើតមាន​ជាហូរហែ​​ ដូចជា​សង្រ្គាមវៀតណាម អំពើប្រល័យពូជសាសន៍​នៅរវ៉ាន់ដា សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមស៊ីរី សង្រ្គាម​ដ៏រ៉ាំរ៉ៃ​នៅស៊ូដង់ ហៃទី ភូមា សង្រ្គាមហ្កាហ្សា សង្រ្គាម​អ៊ុយក្រែន និងចុងក្រោយនេះ គឺ​សង្រ្គាមអ៊ីរ៉ង់ អ៊ីស្រាអែល។

​​អង្គការ​សហប្រជាជាតិ​បានរងការចោទប្រកាន់ថា ជាស្ថាប័នអន្តរជាតិ​ គ្មាន​សមត្ថភាព គ្មានឥទ្ធិពល គ្មាន​អំណាច​ដើម្បីរារាំងទប់ស្កាត់ ឬបិទបញ្ចប់​សង្រ្គាម។ សំឡេង​រិះគន់ថា អង្គការ​សហប្រជាជាតិ​អសកម្ម ជា​ស្ថាប័នចាយលុយខ្ជះខ្ជាយ ​ស្អប់ជនជាតិជ្វីហ្វ និងគាំទ្រ​មេដឹកនាំ​ផ្តាច់ការ រឹតតែ​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​កាន់តែ​អាប់ឱន​កេរ្តិ៍ឈ្មោះ បាត់ប​ង់ជំនឿទុកចិត្ត​ពី​ប្រទេស​សមាជិក។

នេះគេនៅមិនទាន់និយាយ​ពីវិបត្តិហិរញ្ញវត្ថុ​ដែលគំរាមកំហែង​ខ្លាំង​ដល់​អនាគត ភាពរស់រាន​មានជីវិត​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។ នៅពេល​វិបត្តិខ្វះថវិកាមិនមែនជារឿងថ្មីចំពោះអង្គការ​សហប្រជាជាតិ​ដែលត្រូវការ​ថវិកា​រាប់ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ​ដើម្បី​ជួយ​ដោះស្រាយបញ្ហាមនុស្សធម៌ ជួយមនុស្ស​រាប់រយលាននាក់​នៅក្នុងពិភពលោក វិបត្តិហិរញ្ញវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាក់​ធ្ងន់ធ្ងរ បន្ទាប់ពី​លោកដូណាល់​ត្រាំប្រកាសឲ្យ​ឈប់​ផ្តល់​ជំនួយ និង​ផ្អាក​បង់វិភាគទាន​ចូល​កេស​របស់​អង្គការ​សហប្រជាជាតិ។ នៅក្នុងកាលៈទេសៈដែល​ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច សមាជិក​មួយចំនួន​ផ្សេងទៀត​បាន​យកតម្រាប់តាមអាមេរិក។ ការដកខ្លួន​របស់​អាមេរិក​ដែលជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុធំជាងគេ​បាន​ធ្វើ​ឲ្យទីភ្នាក់ងារ​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ​កាត់បន្ថយ​​សកម្មភាពមនុស្សធម៌ និង​កាត់បុគ្គលិក​ប្រមាណ​២០%​នៅទូទាំងពិភពលោក។ ​ជួបវិបត្តិហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ និង​រងការចោទប្រកាន់ថា គ្មានប្រយោជន៍ តើ​​​អង្គការ​សហប្រជាជាតិ​នឹង​អាច​រស់រាន មានអនាគតវែងឆ្ងាយរហូត​ដល់​១០០ឆ្នាំដែរឬទេ?

ចំពោះអ្នកជំនាញ រាល់​ពេល​កើតមាន​វិបត្តិធំៗ​ ដូចជា​សង្រ្គាម​នៅអ៊ីរ៉ាក់ គេ​តែង​ចោទសួរ និង​ដាក់ទំនាយ​ថា អង្គការ​សហប្រជាជាតិដែលគ្មាន​ប្រយោជន៍ ​នឹង​ស្លាប់​ ដួលរលំដូច​អង្គការសង្គម​ប្រជាជាតិ កាលពីឆ្នាំ​១៩៤៦យ៉ាងដូច្នេះដែរ។ ប៉ុន្តែ នៅការពិតជាក់ស្តែង អង្គការ​សហប្រជាជាតិ​នៅតែ​អាច​រស់រានមាន​ជីវិតរហូតមក ហើយ​គេ​មិនជឿថា ស្ថាប័ននេះ​នឹង​អាច​ដួលរលំ​ងាយៗ​នោះទេ ទោះនៅ ២០ឆ្នាំខាងមុខ។

គេ​ហ៊ាន​និយាយ​ដូច្នេះ ព្រោះថា​ ស្ថាប័នអង្គការ​សហប្រជាជាតិនៅតែ​សកម្ម និងធ្វើការយ៉ាងមាន​​ប្រសិទ្ធភាព​លើផ្នែក​មនុស្ស​ធម៌ សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម។ ឯកអគ្គរដ្ឋទូត​របស់សិង្ហបុរី​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​បាន​ក្រើនរំលឹក​ឲ្យគេ​ឃើញ​ពីគុណសម្បត្តិ​របស់​អង្គការ​សហប្រជាជាតិ ដែល​បានជួយទប់ស្កាត់​មិន​ឲ្យកើតមាន​សង្រ្គាមលោកលើកទី​៣។ លោក​នៅបាន​លើកសរសើរ​ពីជោគជ័យ​របស់​ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​ដែលបាន​បើកប្រតិបត្តិការ​រក្សា​សន្តិភាព ចំនួន​៧១លើកចាប់តាំង​ពី​ឆ្នាំ ១៩៤៨ ដូចជា​នៅ​អង់ហ្គោឡា កម្ពុជា​សេរ៉ាឡេអូន និង​នៅលីបង់​ជាដើម។ បន្ថែមពីលើ​​កងកម្លាំង​រក្សា​សន្តិភាព ទីភ្នាក់ងារ​ជាច្រើន​របស់​អង្គការ​សហប្រជាជាតិ​បំពេញ​ការងារ​របស់ខ្លួន​យ៉ាង​សកម្ម​នៅក្នុង​ផ្នែក​សិទ្ធិមនុស្ស ជួយជនភៀសខ្លួន មនុស្សធម៌ អាកាសធាតុ និងជាពិសេស​ផ្នែកគ្រប់គ្រង​ការសាយភាយអាវុធនុយក្លេអ៊ែរ​។ គេ​មិនត្រូវ​ភ្លេច​ពីជំនួយ​របស់កម្មវិធីស្បៀងអាហារពិភពលោក​ដែលបានជួយមនុស្ស​ជាង​១០០លាននាក់ នៅក្នុងប្រទេស​ចំនួន​១២០កាលពីឆ្នាំមុន។ អង្គការសហប្រជាជាតិ​បានជំរុញ​ឲ្យមានយន្តការអន្តរជាតិ​ដើម្បី​ដោះស្រាយបញ្ហា​សុខភាព កម្មវិធីបញ្ញាសិប្បនិម្មិត និង​សម្របសម្រួល​ឲ្យ​មានការចែករំលែក ការប្រើប្រាស់​ប្រព័ន្ធផ្កាយរណប​ បច្ចេកវិទ្យាជាដើម។

មាន​គុណសម្បត្តិច្រើនមែន ប៉ុន្តែ អង្គការ​សហប្រជាជាតិ​នៅតែ​រងការចោទប្រកាន់ថា អសកម្ម និង​ចាយលុយខ្ជះខ្ជាយ។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ទទួលស្គាល់ និង​យល់ព្រម​ធ្វើ​កំណែទម្រង់​ដើម្បី​ឲ្យ​ស្ថាប័នអន្តរជាតិ​មួយនេះ​ដើរស្របតាម​ការវិវឌ្ឍ​ក្នុងពិភពលោក។ ប៉ុន្តែ ចំពោះអ្នកជំនាញ បើទោះបីជា​ការធ្វើកំណែទម្រង់​អង្គការ​សហប្រជាជាតិ​ជា​រឿង​ចាំបាច់ ប៉ុន្តែ វានៅតែមិនទាន់គ្រប់គ្រាន់​ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិអាច​មានកម្លាំង​ថាមពល​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​បានដែរ។ អ្វីៗ​គឺអាស្រ័យទៅលើ​ប្រទេស​សមាជិក ជាពិសេស​សមាជិកអចិន្ត្រៃយ៍​របស់ក្រុមប្រឹក្សា​សន្តិសុខ ​ដែលជា​អ្នកមានអំណាច​ពិតប្រាកដ។

បើសិន​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ នៅតែ វេតូ ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួកសម្ព័ន្ធមិត្ត​របស់ខ្លួន ដោយ​មិនខ្វល់​ពីផលប្រយោជន៍​មនុស្ស​ជាតិ នោះអង្គការ​សហប្រជាជាតិនៅតែ​ជាទីងមោងដែល​នៅនឹងថ្កល់ មិនអាច​ធ្វើអ្វីបាន។ ទោះគ្មានអំណាច​ធ្វើអ្វី​ធំដុំ ប៉ុន្តែ អង្គការ​សហប្រជាជាតិ​ដែលមានប្រទេស​សមាជិក​ចំនួន ១៩៣​នៅតែព្យាយាម​បញ្ចេញ​សំឡេង​របស់ខ្លួនដើម្បីថ្កោលទោស ​ការសម្លាប់រង្គាល អំពើប្រល័យពូជសាសន៍ សង្រ្គាម​ហ្កាហ្សា និង​សង្រ្គាមអ៊ុយក្រែនជាដើម។

ចំពោះ​អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែស្ក៍ ក្នុងបរិបទ​ដែលពិភពលោក​កំពុង​បែកបាក់​គ្នា​ជា២ប៉ូល និង​វិបត្តិ​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ វត្តមាន​របស់​អង្គការសហប្រជាជាតិគឺ​ជារឿង​ចាំបាច់​បំផុត។ ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុងទីក្រុង​ញូវយ៉ក បានក្លាយជា​កន្លែង​ជួប ដោះដូរយោបល់គ្នា​ តាំងពីរឿង​ជម្លោះប្រដាប់អាវុធ បញ្ហា​ពាណិជ្ជកម្ម រហូត​ដល់​បញ្ហា​អាកាសធាតុ។ ទីស្នាក់ការ​របស់អង្គការ​សហប្រជាជាតិ​ជា​កន្លែង​តែមួយគត់ដែល​អនុញ្ញាត​ឲ្យមានការជួបជុំ ពិភាក្សា បញ្ចេញយោបល់​ មិនថា ពួកគេ​ជា​សត្រូវ ឬ​សម្ព័ន្ធមិត្ត​នឹង​គ្នា។ ជាក់ស្តែង បន្ទប់ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាកន្លែងតែមួយគត់​ដែល​រុស្ស៊ី និងអ៊ុយក្រែនអាច​ជួបតទល់គ្នានៅក្នុង​រឿង​រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ឬ​ជា​កន្លែង​ដែល​អ្នកតំណាងទូតប៉ាឡេស្ទីន​បាន​មេក្រូ​និយាយ​បកអាកា្រតភាគី​អ៊ីស្រាអែលដែល​វាយប្រហារ​ទៅលើ​ប្រជាជន​ស៊ីវិល​នៅហ្កាហ្សា។ ជារួម អង្គការ​សហប្រជាជាតិ​ជា​កន្លែង​ និង​ឧបករណ៍​ដ៏សំខាន់​ដែលបើកផ្លូវ​ឲ្យគូបដិបក្ខ​ជួបនិយាយគ្នា ដើម្បី​ជៀសវាង​ការភ័ន្តច្រលំ ការខឹងសម្បារ​រហូតឈាន​ទៅផ្ទុះសង្រ្គាមលោកមួយទៀត។ គេអាច​និយាយ​បានថា បើសិន​​អង្គការ​សហប្រជាជាតិដួលរលំ​ នោះពិភពលោក​នឹង​កាន់តែ​យ៉ាប់ខ្លាំង៕​​

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners