អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាមបន្ទាប់ពីត្រូវរងស្រោចដោយគ្រាប់រ៉ូកែតរបស់ចលនាហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋមរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើទឹកដីភាគខាងត្បូងអ៊ីស្រាអែលដែលនៅជាប់ព្រំប្រទល់ជាមួយតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់នាក់ និងរបួសជាង ៥០០នាក់។ ក្រោយកោះប្រជុំសន្តិសុខបន្ទាន់ នៅព្រឹកថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាម និងបញ្ជាឲ្យកងទ័ពបើកប្រតិបត្តិការវាយប្រហារតបទៅលើតំបន់ហ្កាហ្សា។ ប្រមុខការពារជាតិអ៊ីស្រាអែលវិញ បានព្រមានក្រុមហាម៉ាសថា កំពុងធ្វើកំហុសដ៏ធ្ងន់ធ្ងរដែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែលនៅពេលនេះ។ ការវាយប្រហារបកវិញរបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត២០០នាក់នៅថ្ងៃសៅរ៍ទី ៧តុលា។