កាលពីពេលថ្មីៗនេះ មានករណីស្នើសុំលុបចោលវីឌីអូមិនឱ្យផ្សព្វផ្សាយនៅលើបណ្តាញសង្គម របស់កីឡាការនីនិងស្ត្រីជាអ្នកជំនួញមានឥទ្ធិពលនៅកម្ពុជា។ ការស្នើនោះធ្វើឡើងនៅក្រោមហេតុផលថា វីឌីអូនោះមានផ្សារភ្ជាប់ទៅនឹងនយោបាយ ព្រោះមានវត្តមានស្ត្រីមួយរូបមកពីអតីតបក្សប្រឆាំងដែរ។ អ្នកឃ្លាំមើលសង្គមរួមមាន អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស អ្នកវិភាគ និងសារព័ត៌មាន បានគូសបញ្ជាក់ដូចគ្នាថា សកម្មភាពខាងលើនេះជារឿងបែបឯកជនមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីសង្គមខ្មែរ កំពុងកើតមានការរើសអើងផ្នែកនយោបាយធ្ងន់ធ្ងរ ដែលកំពុងវាយបំបែកស្រទាប់សាមគ្គីភាពនៅក្នុងសង្គម។