ក្រុមអ្នកតាមដាននយោបាយនៅកម្ពុជា សំដែងការមិនពេញចិត្តចំពោះអ្នកនយោបាយខ្មែរមួយចំនួនដែលនៅបន្តវាយប្រហារគ្នាជាលក្ខណៈបុគ្គល និងការចង់ឈ្នះ-ចាញ់គ្នា តាមរយៈការភ្នាល់ជាល្បែងនយោបាយ។ ប្រតិកម្មបែបនេះ បានកើតឡើង ក្រោយពេល លោក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្ស៊ី ភ្នាល់គ្នាម្តងទៀត អំពីរឿងគុណភាពសញ្ញាបត្រដែលលោកបានរៀនចប់ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point។ ការចេញមុខបបួលភ្នាល់គ្នាជាលើកទី២នេះ គឺបន្ទាប់ពី លោក សម រង្ស៊ី តាមរយៈបទសម្ភាសជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ធ្នូ លោកបានបរិហារ្ត៍អំពីគុណភាពសញ្ញាបត្របណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រ«ក្លែងក្លាយ»ឬ«សញ្ញាបត្រយោគយល់»។ ប៉ុន្តែសម្រាប់អ្នកតាមដាននយោបាយ ហៅការយកឈ្នះ-ចាញ់ដោយភ្នាល់គ្នារបស់អ្នកនយោបាយគឺជារឿងឥតប្រយោជន៍។