ជារៀងរាល់ឆ្នាំ ក្រោយចេញលទ្ធផលប្រលងបាក់ឌុបម្តងៗ គេសង្កេតឃើញអាជ្ញាធរ និងសប្បរសជននានា ចុះទៅជួប និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់និទ្ទេស A។ មួយចំនួននៃសិស្សដែលទទួលបានការសរសើរ និងផ្តល់រង្វាន់ទាំងនោះ គឺចេញមកពីក្រុមគ្រួសារក្រីក្រ ដែលបានតស៊ូយ៉ាងត្រដាបត្រដួសរៀនសូត្ររហូតដល់ប្រលងជាប់បាក់ឌុប និងទទួលបាននិទ្ទេសល្អបំផុត។ ចំណុចនេះ អ្នកពាក់ព័ន្ធនៃបញ្ហាសង្គម និងអប់រំ មើលឃើញថាវាជាកាយវិការមួយដ៏ប្រពៃ ក្នុងការលើកតម្លៃភា្លមៗដល់សិស្សពូកែនិទ្ទេស A ជាពិសេសសិស្សដែលរស់នៅក្នុងផ្ទះជញ្ជាំង និងដំបូលធ្វើពីស័ង្កសី។ ក៏ប៉ុន្តែទស្សនៈជាច្រើន ទទូចឲ្យទាំងអាជ្ញាធរ ក៏ដូចសប្បុរសជន គួរយកចិត្តទុកដាក់ធនធានមនុស្សល្អៗ បន្ថែមទៀត ខណៈដែលគ្រួសារសិស្សមានជីវភាពក្រីក្រ ដោយមិនគួររង់ចាំដល់សិស្សប្រលងជាប់និទ្ទេសល្អនោះទេ។