ក្រុមអ្នកតស៊ូមតិកម្ពុជានៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីស្ថានភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ សេចក្តីថ្លែងការណ៍បានស្នើឱ្យរដ្ឋាភិបាលកម្ពុជារម្លឹករដ្ឋាភិបាលវៀតណាមពីការគោរពសិទ្ធិផ្នែកជំនឿ និងសាសនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ ការស្នើបែបនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមបានរារាំងការជួបជុំរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរដែលគ្រោងចូលស្តាប់ការសម្តែងធម្មទេសនារបស់ព្រះតេជគុណ ជួន កក្តដា។ ករណីនេះត្រូវបានអ្នកវិភាគ និងក្រុមអ្នកតស៊ូមតិកម្ពុជាយល់ថា រដ្ឋាភិបាលកម្ពុជាមិនត្រូវនៅស្ងៀមដោយព្រងើយកន្តើយចំពោះការរំលោភសិទ្ធិមនុស្សផ្នែកសាសនារបស់ពលរដ្ឋខ្មែរក្រោមឡើយ។ តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកថា នេះជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែលកម្ពុជាគ្មានសិទ្ធិក្នុងការជ្រៀតជ្រែកទេ។