ជិត៦ខែហើយ ដែលរុស្ស៊ីបង្កសង្គ្រាមឈ្លានពានទៅលើអ៊ុយក្រែន។ នៅថ្ងៃព្រហស្បតិ៍ លោកអគ្គលេខាធិការអ.ស.ប ត្រូវជួបជាមួយប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីតួកគី នៅភាគខាងលិចប្រទេសអ៊ុយក្រែន ដើម្បីនឹងជជែកពិភាក្សាគ្នាអំពីការនាំចេញគ្រាប់ធញ្ញជាតិ និងសុវត្ថិភាពមជ្ឈមណ្ឌលនុយក្លេអ៊ែរ។ មជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ុយក្រែន នៅ ហ្សាប៉ូរីចា ដែលធំជាងគេនៅអឺរ៉ុប និងដែលឋិតក្រោមការត្រួតត្រារបស់រុស្ស៊ីតាំងពីខែមីនាមក គឺកំពុងតែត្រូវរងការគំរាមកំហែង ព្រោះតែការវាយប្រហារដោយគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែក ហើយប្រទេសទាំងពីរទម្លាក់កំហុសទៅលើគ្នាទៅវិញទៅមក។ សំណុំរឿងដែនដីគ្រីមេ ក៏ទំនងជៀសមិនផុតដែលថ្នាក់ដឹកនាំទាំងបី ត្រូវពិភាក្សាគ្នា។