នៅក្នុងប្រទេសប្រេស៊ីល អតីតប្រធានាធិបតីលោក លូឡា បានជាប់ឆ្នោតប្រធានាធិបតីសាជាថ្មី នាការបោះឆ្នោតជុំទី២ ក្នុងថ្ងៃអាទិត្យ ទី៣០ តុលា។ លោក លូឡា ទទួលបានសំឡេងឆ្នោតលើសប្រធានាធិបតីផុតអាណត្តិលោក បុលសូណារ៉ូ មិនដល់ ១% ផង។ ពោលគឺ ការរាប់សន្លឹកឆ្នោតយប់ថ្ងៃអាទិត្យ អតីតប្រមុខរដ្ឋលោក លូឡា បានសំឡេង ៥០,៩% ទល់នឹងលោក បូលសូណារ៉ូ ប្រធានាធិបតីផុតអាណត្តិ ដែលបានសំឡេងឆ្នោត ៤៩,១%។ លោក លូឡា បានប្រកាសជ័យជម្នះ ទាំងដែលលោក បូលសូណារ៉ូ រក្សាភាពស្ងៀមស្ងាត់មកទល់នឹងពេលនេះ។ តាមពិត លោក លូឡា មិនមែនជាអ្នកនយោបាយថ្មីថ្មោង និងជាមនុស្សដែលគ្រប់គ្នាមិនស្គាល់ទេ។ តែអ្វីដែលគេស្ទើរតែមិនជឿគឺរូបលោក ទើបតែចេញពីពន្ធនាគារ និងអាចកែប្រែវាសនាជាប្រធានាធិបតីជាថ្មីម្តងទៀត។