បន្ទាប់ពីការប្រទះឃើញ នូវរណ្តៅកប់សពរួម និងសាកសពមនុស្សស្លាប់រាយប៉ាយ នៅក្រុងប៊ូឆា ក្បែររដ្ឋធានីកៀវ កាលពីខែមេសា នៅពេលនេះអាជ្ញាធរអ៊ុយក្រែន ទើបតែបានប្រទះឃើញផ្នូរសាកសព ចំនួនយ៉ាងហោច៤៥០ទៀត នៅក្នុងព្រៃមួយកន្លែងក្បែរក្រុងអ៊ីហ្សយូម។ ក្រុងអ៊ីស្សយូម ដែលទើបតែត្រូវបានកងទ័ពអ៊ុយក្រែន រំដោះបានមកវិញ ពីដៃកងទ័ពរុស្ស៊ី កាលពីដើមសប្តាហ៍នេះ។ ភាគីអ៊ុយក្រែន បានលើកឡើងថា ផ្នូរសាកសពជាច្រើនរយនាក់ នៅក្រុងអ៊ីហ្សយូមនេះ គឺជាសក្ខីកម្មបញ្ជាក់ពីអំពើសាហាវព្រៃផ្សៃ ការកាប់សម្លាប់ របស់កងទ័ពរុស្ស៊ី ហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។