ដំណើរការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីបានឈានចូលដល់ថ្ងៃទី២ នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។ នៅថ្ងៃអង្គារទី២៩ មីនា ប្រធានាធិបតី តួកគី លោករេស៊េប អ៊ែរដូហ្កានដែលជាអ្នកសម្របសម្រួលការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា ភាគីទាំងពីរសុទ្ធតែមានកង្វល់ត្រឹមត្រូវរៀងៗខ្លួន។ នៅពេលសង្រ្គាមឈ្លានពានអ៊ុយក្រែនអូសបន្លាយ៣៧ថ្ងៃមកហើយ ចំនុចសំខាន់នៃការចរចា រុស្ស៊ី អ៊ុយក្រែនផ្តោតចំបងទៅលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ជាថ្នូរនឹងអព្យាក្រឹត្យភាពរបស់អ៊ុយក្រែន។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី បាននិយាយថា ភាគីអ៊ុយក្រែនកំពុងពិចារណាស៊ីជម្រៅស្តីពីការទាមទាររបស់រុស្ស៊ី ស្តីពីអព្យាក្រឹត្យភាពរបស់អ៊ុយក្រែន។