ក្រសួងការបរទេសអាមេរិកចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយផ្តោតទៅលើពលកម្មដោយចាប់បង្ខំ និងការជួញដូរក្មេងប្រុស ដែលបានកើនឡើងគួរឲ្យកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសអាមេរិកបានបង្ហាញប្រទេសដែលឡើងចំណាត់ថ្នាក់ល្អ និងប្រទេសធ្លាក់ចំណាត់ថ្នាក់ ដោយសារមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ២៤ ដែលជាប់ចំណាត់ថ្នាក់ កម្រិតទី៣ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ក្រសួងការបរទេសអាមេរិក។