រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ធ្នូ បានសម្រេចកំណត់យកទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ធ្នូ ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២នេះតទៅ តែមិនអនុញ្ញាតឲ្យមានការឈប់សម្រាកទេ។ សារាចរណែនាំ ដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាអស់រយៈពេល២៣ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងរបស់វត្តមាននៃនយោបាយឈ្នះ ឈ្នះ។