លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មីពីតម្លាភាពរបស់កម្ពុជាក្នុងការប្រើប្រាស់កម្ចីបរទេសជាពិសេសកម្ចីរបស់ចិននៅចំពោះមុខអន្តរជាតិ ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ីកាលពីថ្ងៃទី២៧ខែឧសភា តាមរយៈប្រព័ន្ធអនឡាញ។ បើតាមលោក ហ៊ុន សែន ម្ចាស់បំណុលកម្ពុជាមិនមែនមានតែចិនទេ មានជប៉ុន កូរ៉េខាងត្បូង ,ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ,ធនគារពិភពលោក(World Bank) និងពីធនាគារកណ្តាលអឺរ៉ុប ជាដើម។ ដូច្នេះកម្ពុជាមិនធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិនទេ ហើយទោះជាកម្ពុជានៅសល់ទំហំសម្រាប់ការខ្ចីប្រាក់ពីបរទេសបន្តទៀត ក៏កម្ពុជាមិនចេះតែខ្ចីលុយពីគេដោយមិនគិតគូពីស្ថានភាពបំណុលរបស់ខ្លួនដែរ។ នេះជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកវិភាគក្រៅស្រុកនិងអ្នកសេដ្ឋកិច្ចក្នុងប្រទេសស្វាគមន៍ចំពោះជំហរប្រុងប្រយ័ត្នរបស់ប្រមុខរដ្ឋាភិបាល និងបានស្នើឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពនៃកម្ចីការប្រើប្រាស់កម្ចីនិងប្រើប្រាស់កម្ចីឲ្យចំគោលដៅ។