អស់រយៈពេល៩ឆ្នាំមកហើយ ដែលប្រតិបត្តិការ បាកកាន របស់កងទ័ពបារាំង បានមានវត្តមាននៅប្រទេសម៉ាលី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្ម នៅតំបន់សាហ៊ែល។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ នៅតាមប្រទេសមួយចំនួន នៃតំបន់សាហ៊ែលនេះ គេសង្កេតឃើញថា វត្តមានរបស់កងទ័ពបារាំង កាន់តែត្រូវបានមតិទូទៅ នៃប្រជាជនម្ចាស់ស្រុក ប្រឆាំងតវ៉ា នឹងទាមទារឲ្យបារាំង ដកទ័ពចេញជាបន្ទាន់។ នៅតាមបណ្តាញសង្គមវិញ មតិខ្លះលើកឡើងទៀតផង ថាកងទ័ពបារាំងឃុបឃិតជាមួយក្រុមជីហាតភេរវកម្ម ដើម្បីយកលេស បន្តវត្តមាននៅតំបន់សាហ៊ែល។