ថៃកំពុងស្ថិតក្នុងភាពរំជើបរំជួលនយោបាយបំផុត។ ថ្ងៃពុធទី១៩កក្កដានេះ សភាថៃទាំង២អង្គ បានបើកសម័យប្រជុំ ដើម្បីបោះឆ្នោតជាលើកទី២ លើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភិថា លីមចៈរើនរ៉ាត់។ ក៏ប៉ុន្តែ ខណៈដែលការប្រជុំកំពុងដំណើរការទៅ ដំណឹងថ្មីមួយបានផ្ទុះឡើង គឺតុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរលោក ភិថា លីមចៈរើនរ៉ាត់ ពីសមាជិកសភា ជាបណ្តោះអាសន្នសិន ដោយផ្អែកតាមការចោទប្រកាន់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ។ លោកភិថា លីមចៈរើនរ៉ាត់ ត្រូវបង្ខំចិត្តដើរចេញពីអង្គប្រជុំ ខណៈការបោះឆ្នោតនៅមិនទាន់ចាប់ផ្តើមនៅឡើយ។ ក្រោយការជជែកតឹងសរសៃក សមាជិកសភាទាំង២អង្គបានបោះឆ្នោត បដិសេធមិនទទួលយកការដាក់ស្នើបេក្ខភាពជាលើកទី២របស់ ភិថា លីមចៈរើនរ៉ាត់។