ឆ្លងកាត់ការពិភាក្សា និងការតាក់តែង រយៈពេល១ឆ្នាំកន្លះ ទីបំផុត សហភាពអឺរ៉ុបបានសម្រេចអនុម័ត នៅថ្ងៃសៅរ៍ទី២៣មេសា នូវច្បាប់ថ្មីមួយ ដែលមានខ្លឹមសារគ្រប់គ្រងភាពអាណាធិបតេយ្យ និងខុសច្បាប់ទាំងឡាយទាំងពួក ដែលមាននៅតាមបណ្តាញសង្គម និងតាមបណ្តាញអ៊ីនធ័រនិតជាទូទៅ។ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធ័រនិតទាំងអស់ នឹងត្រូវគោរពវិធានការច្បាប់ថ្មីរបស់អឺរ៉ុបនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការឃោសនាញុះញង់អំពើហិង្សា ការផ្សព្វផ្សាយទំនិញក្លែងក្លាយ ព្រមទាំងអំពើឆបោកនានា។ សហភាពអឺរ៉ុបអះអាងថា ច្បាប់ដ៏ធំរបស់ខ្លួននេះ គឺជាច្បាប់ដំបូងគេហើយក្នុងពិភពលោក ដែលនឹងមកគ្រប់គ្រង ដាក់កាតព្វកិច្ចដ៏តឹងតែងលើបណ្តារក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់ ដែលពីមុនមកអាចធ្វើអ្វីបានតាមតែចិត្តនោះ។