ថ្មីៗនេះពាក្យសម្តីរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្កឲ្យការចម្រូងចម្រាស់ជាខ្លាំង ទាក់ទិននឹងសំណុំរឿងកោះតៃវ៉ាន់។ នៅក្នុងយន្តហោះត្រលប់មកពីទស្សនកិច្ចនៅប៉េកាំងវិញ លោកម៉ាក្រុង បានថ្លែងប្រាប់អ្នកកាសែតថា នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ គឺអឺរ៉ុបមិនត្រូវប្រកាន់គោលជំហរតាមតែពីក្រោយអាមេរិកនោះទេ។ ពាក្យសំដីនេះ បានបង្កឲ្យមានការរិះគន់ជាខ្លាំង ពីសំណាក់បណ្តាថ្នាក់ដឹកនាំនយោបាយអាមេរិក ដែលបានសំដែងការស្រង៉ាកចិត្តជាខ្លាំង ព្រោះបារាំងក៏ដូចជាអឺរ៉ុប គឺជាសម្ព័ន្ធមិត្តលោកខាងលិចជាមួយអាមេរិក។ ទន្ទឹមគ្នានេះ វាក៏បានបង្កឲ្យមានការប្រេះឆា បាក់បែកសាមគ្គីផ្ទៃក្នុងអឺរ៉ុបដែរ ខណៈប្រទេសសមាជិកខ្លះបានចេញមុខរិះគន់ លោកប្រធានាធិបតីចំៗតែម្តង។ យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញ លោកម៉ាក្រុងបានថ្លែងបញ្ជាក់ថា “អឺរ៉ុបគឺជាសម្ព័ន្ធមិត្តរបស់អាមេរិកប្រាកដណាស់ តែអឺរ៉ុបមិនមែនជារដ្ឋចំណុះឲ្យអាមេរិកនោះទេ”។