តំណាងអង្គការអន្តរជាតិ និងសង្គមស៊ីវិលក្នុងស្រុកបានបង្ហាញក្ដីព្រួយបារម្ភដំណាលគ្នាពីភាពយឺតយ៉ាវនៃការបំបែកអនីតិជនចេញពីអ្នកទោសទូទៅ បើទោះបីច្បាប់ស្ដីពីយុត្តិធម៌អនីតិជនត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១៦ក្ដី។ ភាពយឺតយ៉ាវនេះត្រូវបានពួកគេមើលឃើញថា ជាហេតុនាំផលមួយធ្វើឲ្យកំណើនអ្នកទោសមានភាពចង្អៀតណែននៅតាមពន្ធនាគារ។ តែយ៉ាងណាមិញ មន្ត្រីនៃក្រសួងសង្គមកិច្ចឲ្យដឹងថា តាមគម្រោងនៅក្នុងឆ្នាំ២០២២នេះ អាជ្ញាធរនឹងដកអនីតិជនប្រមាណ៤០០នាក់ ពីពន្ធនាគារនានានៅក្នុងប្រទេសកម្ពុជា យកមកដាក់ដោយឡែកនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាយុវជនស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ការញែកបែបនេះបន្ទាប់ពីកម្ពុជា ទើបតែមានមជ្ឈមណ្ឌលស្ដារនីតិសម្បទាអនីតិជនដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២១។