វិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍កំពុងស្ថិតក្រោមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រសែភ្នែករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាលោក វិទិត មុតតាបន។ ជាក់ស្តែង កាលពីថ្ងៃទី១៧ សីហា ក្រុមកូដករជាង១០០នាក់ អាចចូលទៅឈរតវ៉ា លើកបដា និងស្រែកទាមទាររកដំណោះស្រាយនៅខាងមុខក្រុមហ៊ុនដោយគ្មានការរារាំង រឺបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ដូចពេលមុនៗនោះទេ។ ជុំវិញរឿងនេះ អង្គការសង្គមស៊ីវិលចាត់ទុកថា ជារូបភាពបែបសន្តិភាព។ ប៉ុន្តែពួកគេស្នើឱ្យអាជ្ញាធរបន្តផ្តល់បរិយាសល្អបែបនេះបន្ថែមទៀតបើទោះបីគ្មានវត្តមានអ្នកសង្កេតការណ៍ពិសេសរបស់UNក៏ដោយ។ តែយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់វិញថា អាជ្ញាធរបើកសិទ្ធិសេរីភាពជូនកូដករក្នុងការតវ៉ា ប៉ុន្តែការរារាំងមិនឱ្យចូលទៅមុខក្រុមហ៊ុន គឺដើម្បីទប់ស្កាត់ការប៉ះទង្គិចណាមួយដែលបង្កឡើយជាយថាហេតុ។