ទោះបីជាដឹងថាលទ្ធផលនឹងស្តួចស្តើងខ្លាំងយ៉ាងណាក៏ដោយ ក៏អារ៉ាប៊ីសាអូឌីតកំពុងសាកល្បងតាំងខ្លួនជាថ្មីជាអន្តរការីដ៏មានអំណាចនៅលើឆាកអន្តរជាតិក្នុងវិបត្តិអ៊ុយក្រែន។ រីយ៉ាដបានអញ្ជើញក្រុមប្រទេសជាបងប្អូន ឱ្យមកជួបជជែកពិភាក្សាស្តីអំពីបញ្ហាអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះទៅនិងសម្រាប់រយៈពេលពីរថ្ងៃ។ ជំនួបប្រព្រឹត្តទៅចំពេលដែលស្ថានភាពនៅសមុទ្ទខ្មៅកំពុងឡើងតានតឹងកាន់តែខ្លាំង។ អ៊ុយក្រែនបានអះអាងថាដ្រូនរបស់ខ្លួនបានបាញ់ចំនាវាដឹកប្រេងយោធារុស្ស៊ីមួយគ្រឿង នៅមូលដ្ឋានទ័ពក្នុងសមុទ្ទខ្មៅ។