ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួល​ស្គាល់កំហុស​ដែល​ធ្វើ​ឱ្យស្លាប់​ជនស៊ីវិល


Listen Later

ជាង​បីខែកន្លះ​ក្រោយផ្ទុះ​​សង្គ្រាម​នៅ​ហ្កាហ្សា​មក ចលនា​ហាម៉ាស​បាន​​ប្រកាស​នៅថ្ងៃទី ២១​មករា​២០២៤ ​ ទទួល​ស្គាល់​កំហុស ដោយ​បាន​បង្ក​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ស្លូតត្រង់ ក្នុង​​ប្រតិបត្តិការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧​តុលា​២០២៣។ ការ​វាយឆ្មក់​ ​ជា​ដើម​ហេតុ​នាំឱ្យ​អ៊ីស្រាអែល​ចេញ​ធ្វើ​សង្គ្រាម​លើ​តំបន់​ហ្កាហ្សា។ ហេតុ​អ្វី​បាន​ជាហាម៉ាស​ទើប​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​នៅពេលនេះ ?

​ថ្ងៃ​អាទិត្យទី​២១​មករា​២០២៤​ម្សិលមិញ​ ចលនាហាម៉ាស​បាន​ត្រលប់​មកពន្យល់​​​​​បំភ្លឺ តាម​រយៈ​ឯកសារ​កម្រាស់​ជិត​២០​ទំព័រ ​​អំពីដំណើរ​ដើម​ទងនៃ​​​​ប្រតិបត្តិការ​វាយឆ្មក់​ថ្ងៃទី​៧តុលា​២០២៣មក​លើ​អ៊ីស្រាអែល​ ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១១៤០នាក់ ភាគ​ច្រើន​ជា​ស៊ីវិល​។ នេះ​ជាលើក​ទី​មួយ​ហើយ​ដែល​ហាម៉ាសចេញ​​មុខមក​បក​ស្រាយ និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​​ជន​ស៊ីវិល​​​ដូច្នេះ។

តើ​ហាម៉ាសបក​ស្រាយ​យ៉ាង​ដូចម្តេច​ខ្លះ?

ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា បាន​ធានា​អះអាង​ថាប្រតិបត្តិការវាយឆ្មក់​ថ្ងៃ​៧តុលាដែល​ហាម៉ាស​ប្រសិទ្ធនាម​ថា “សន្ធឹក​​Al-Aqsa” ​ ជា​ដំណាក់កាល​ចាំបាច់​ និង​ជា​ការ​តប​ត​ធម្មតា​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​មកលើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​។ ប៉ុន្តែ​កំហុស​ទំនង​អាច​កើត​មាន​ឡើង​នៅ​ពេល​អនុវត្ត។ នៅ​ពេល​ចេញ​ធ្វើ​ប្រតិបត្តិការ ស្រាប់​តែ​​ប្រព័ន្ធ​សន្តិសុខ​និង​យោធា​ ត្រូវ​ដួល​រំលំ​មួយ​រំពេច​ នៅ​ត្រឹម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា។ ប្រតិបត្តិការ​គ្មាន​គម្រោង​ដៅ​វាយប្រហារ​លើ​ជនស៊ីវិល​ទេ។ វា​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ និង​នៅពេល​មាន​ការ​ប្រឈមមុខ​ប្រយុទ្ធ​ជា​មួយ​ក្រុម​អ្នក​ឈ្លានពាន​តែ​ប៉ុណ្ណោះ។ នេះ​ជា​ពាក្យ​សារភាព​របស់​ក្រុម​ហាម៉ាស​ ដោយ​បន្ត​ថា “​បញ្ចៀស​មិន​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិល ជាពិសេស​កុមារ ស្ត្រីភេទ​​ និង​មនុស្ស​ចាស់​ គឺ​ជា​កាតព្វកិច្ចសាសនា និង​ជា​សីលធម៌​របស់យុទ្ធជន​ហាម៉ាស Al-Qassam ដែល​បាន​ព្យាយាម​យ៉ាង​អស់​ពី​លទ្ធភាព​ ការពារ​ជីវិត​ជន​ស៊ីវិល បើ​ទោះ​បី​តុល្យការ​ស្លាប់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ។

តែបើ​តាម​រូបភាព​វីដេអូ​​ផ្សព្វផ្សាយ​ក្រោយ​ការ​វាយឆ្មក់​របស់​ហាម៉ាស គេ​ឃើញ​ទាហាន​ប្រដាប់​អាវុធ​ក្រុម​នេះ​សម្លាប់​មនុស្ស​ដោយ​គ្មាន​រើង​អើង​ទេ។ ចំណាប់​ខ្មាំង​ប្រមាណ​២៥០​នាក់ ត្រូវ​បាន​នាំ​ទៅ​​តំបន់​ហ្កាហ្សា។ ជាការ​វាយប្រហារ​​យ៉ាង​ឃោរឃៅ និង​មាន​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មានទេ ទើប​ជំរុញ​ឱ្យ​អ៊ីស្រាអែល​បើក​ធ្វើ​សង្គ្រាម​វាយប្រហារ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោល​លើ​ដែន​ដី​មួយ​ចំណិត​តូច​ហ្កានេះ រហូត​ស្លាប់​មនុស្ស​អស់​យ៉ាង​ហោច​២ម៉ឺន​៥ពាន់​១០៥នាក់ គិត​ចាប់​ពី​ថ្ងៃទី៧​តុលា​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ក្រៅ​ទទួល​ស្គាល់​កំហុស​ ចលនា​ហាម៉ាស​ដែល​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ចាត់ទុក​ជា​ក្រុម​ភេវនិយម បាន​ទាមទារ​ នៅ​ក្នុង​ឯកសារ​របស់​ខ្លួន អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់ទង្វើ​​ឈ្លាន​ពាន អំពើ​មនុស្ស​ឃាត ​បោស​សម្អាត​​ជាតិ​ពិន្ធុ​​នៅ​តំបន់​ហ្កាហ្សា។ ហាម៉ាស​ក៏​បាន​ប្រកាស​បដិសេធ​ដែរ មិន​ទទួល​យក​ជា​ដាច់​ខាត​ផែនការស្នើ​ឡើង​​អន្តរជាតិ​ឬ​អ៊ីស្រាអែល ក្នុង​ការ​សម្រេច​អនាគត​របស់​តំបន់​ហ្កាហ្សា​។ គ្មាន​នរណា​មាន​សិទ្ធិ​លើ​​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​អាច​សម្រេច​ចិត្ត​លើ​ជោគវាសនា​ខ្លួន​ឯង​បានឡើយ។

​អ៊ីស្រាអែលច្រានចោល​លក្ខខណ្ឌរបស់ហាម៉ាស និង​បន្តធ្វើសង្គ្រាម?

តាំងពីថ្ងៃទី​៧​តុលា​​មក អ៊ីស្រាអែល​បាន​កំណត់​កម្មវត្ថុ​ ប្តេជ្ញា​កម្ចាត់​ក្រុមប្រដាប់​អាវុធ​ហាម៉ាស​ឱ្យ​ខ្ទេច និងរហូត​ទាល់​តែហ្កាហ្សា​លែងក្លាយ​ជា​ការ​គំរាម​កំហែង​អ៊ីស្រាអែល​ទៀត។

តែ​បើ​តាម​កាសែត​Wall Street Journal ភ្នាក់ងារ​ចារកិច្ច​អាមេរិក​សន្និដ្ឋាន​ថា​អ៊ីស្រាអែល​ទើប​កម្ចាត់​ពួក​ហាម៉ាស​បាន​ប្រមាណ​ពី​២០ទៅ​៣០%​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​កម្មវត្ថុ​ឆ្ងាយ​ណាស់។ សារព័ត៌មាន​អាមេរិក​ដដែល​បាន​អះអាងទៀត​ថា សហរដ្ឋអាមេរិក កាតា និង​អេហ្ស៊ីប ដែល​ធ្លាប់​ធ្វើ​អន្តរការី​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​សប្តាហ៍​កាលពី​ខែ​វិច្ឆិកា​ កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​និង​ហាម៉ាស​ស្រុះស្រួល​គ្នា​ព្រម​ដោះលែង​ចំណាប់​ខ្មាំង​អស់​ជា​ថ្នូរ​នឹង​ការ​ដក​កង​ទ័ព​អ៊ីស្រាអែល​ចេញ​ពី​ហ្កាហ្សា។

ប៉ុន្តែ​នៅ​ល្ងាច​មិញ លោក​នេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បាន​ច្រាន​ចោល​ភ្លាម​និង​ច្បាស់​លាស់​នូវ​រាល់​លក្ខខណ្ឌ​របស់​ពួក​ហាម៉ាស។ បើ​តាម​លោក​នេតាន់យ៉ាហ៊ូ ហាម៉ាស​បាន​ទាមទារ​បញ្ចប់​សង្គ្រាម ​ដក​កម្លាំង​ទ័ព​អ៊ីស្រាអែល​ទាំង​ស្រុង​ពី​ដីហ្កាហ្សា និង​ការ​ដោះលែងក្រុមឃាតករ​និង​ចោរទៀត។ កាលពី​ថ្ងៃសៅរ៍ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​បាន​ប្រកាស​បដិសេធ​បូរណភាពអនាគត​​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ ដែលកាន់​កាប់​ដោយ​ពួក​ហាម៉ាស​តាំងពីឆ្នាំ​២០០៧​ទៀត។ ការ​បដិសេធ​របស់​អ៊ីស្រាអែល​​ចំពោះ​ដំណោះស្រាយបង្កើត​រដ្ឋ​ពីរ​​នេះពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់។

ដំណោះស្រាយ​ចង់​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីននៅ​ជា​បច្ចុប្បន្នភាព​?

​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង​ៗឱ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌ និង​ការ​ត្រៀម​លក្ខណៈ​​ក្រោយ​សង្គ្រាម ដោយ​គិត​ដល់​ការ​បង្កើតរដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា​​​យ៉ាងណា​ក៏​ដោយ ក៏​លោក​នេតាន់យ៉ាហ៊ូ​មិន​យក​ត្រចៀក​ស្តាប់​ដែរ។ ប៉ុន្តែអ៊ីស្រាអែល​មិន​អាច​ស្ថាបនា​សន្តិភាព​ ដោយ​រំពឹង​តែ​លើ​​មធ្យោបាយ​យោធា​បាន​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Josep Borrell នៅ​ថ្ងៃចន្ទ​នេះ។ លោក​ប្រមុខ​ការ​ទូត​អឺរ៉ុប ត្រូវ​ទទួល​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​នេះ ក្នុងក្របខណ្ឌ​នៃ​ការ​​ស្វែង​រក​សន្តិភាពជា​ទូទៅ​​ឱ្យ​តំបន់​ដើម​បូព៌ា។ សម្រាប់​លោក​បូរ៉ែល គំនិត​​បង្កើត​រដ្ឋ​ពីរ គឺ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន នាពល​អនាគត​ ជា​​ដំណោះស្រាយតែ​មួយ​គត់​។ អ៊ីស្រាអែល ត្រូវ​តែ​ព្រមទទួល​យក​ដំណោះស្រាយ​នេះ ទើប​អាច​​​បញ្ចប់​សង្គ្រាម និង​ធានាបាន​នូវ​សន្តិ​សុខ​សុវត្ថិភាព​ជា​និរន្តរ៍។ នេះ​ជា​បើ​តាម​ទស្សនៈ​របស់​លោក​ប្រមុខ​ការទូត​អឺរ៉ុប ដែល​បាន​បង្ហាញ​គម្រោង​ដំណោះស្រាយ​ទូលំទូលាយ​មួយ ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព​ឋិតឋេរ និង​ដោយ ​ទទួល​ស្គាល់​ថា​ ​​អឺរ៉ុបមាន​ឥទ្ធិពល​តិច​តួច​ណាស់​ក្នុង​ការដាក់​សម្ពាធ​លើ​អ៊ីស្រាអែល។​ តែទោះជាយ៉ាងណា​ក្តី​ក៏​អឺរ៉ុប​ ត្រូវ​តែ​ចាប់​ផ្តើម​ត្រៀមរៀប​ចំ​លក្ខខណ្ឌ​​នាំ​សន្តិភាព​ឱ្យ​ដើម​បូព៌ា​​តាំងពី​នេះ​តែ​ម្តង​​ ក្នុង​ទស្សនៈ​វិស័យ​បង្កើត​រដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners