សង្គ្រាមនៅអ៊ុយក្រែន បានចូលមកដល់ថ្ងៃទី១៩ហើយ។ កងទ័ពរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលយ៉ាងដំណំ និងសឹងគ្រប់ទីកន្លែង។ ដោយឡែក គេសង្កេតឃើញថា មានពន្លឺវិជ្ជមានខ្លះៗ ទាក់ទិននឹងការចរចាផ្នែកការទូត រវាងភាគីទាំង២។ នៅព្រឹកថ្ងៃចន្ទនេះ អ៊ុយក្រែន និងរុស្ស៊ី បានជួបចរចាគ្នាតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។ ហើយទន្ទឹមគ្នានេះ មានដំណឹងលេចឮថា រុស្ស៊ីបានងាកទៅសុំជំនួយពីចិន ទាំងផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច។ តើរុស្ស៊ី ពិតជាបានទៅសុំឲ្យចិនជួយ មែនឬក៏យ៉ាងណា? តើរុស្ស៊ីកំពុងតែជួបការលំបាកខ្លាំង មែនដែរឬទេ បានជាងាកទៅរកជំនួយពីចិន ហើយទន្ទឹមគ្នានេះ ហាក់បានបង្ហាញជំហរដកថយខ្លះ ចំពោះអ៊ុយក្រែន នៅក្នុងពេលចរចាគ្នា?