កាលពីថ្ងៃសុក្រទី១៨មីនា លោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានជួបនិយាយគ្នាតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ អស់រយៈពេលប្រមាណជា២ម៉ោង។ មេដឹកនាំមហាអំណាចទាំង២ បានលើកឡើងអំពីសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន។ សម្រាប់សហរដ្ឋអាមេរិក ខ្លឹមសារនៃជំនួបនេះ គឺលោក ចូ បៃដិន ចង់និយាយពន្យល់លោកប្រធានាធិបតីចិន ឲ្យដកខ្លួនឆ្ងាយពីលោកពូទីន ព្រោះមានដំណឹងថា រុស្ស៊ីបានងាកទៅពឹងចិន ដើម្បីបានជំនួយសេដ្ឋកិច្ច និង សម្ភារៈយោធាថែមទៀតផង។ តែយ៉ាងណាចិន ធ្លាប់បានអះអាងថា ខ្លួនមិនចង់ជាប់ពាក់ព័ន្ធ ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលក្រុមប្រទេសលោកខាងលិច បានដាក់ទៅលើរុស្ស៊ីឡើយ ព្រោះចិនមិនមែនជាភាគីណាមួយ នៅក្នុងវិបត្តិអ៊ុយក្រែនទេ។