នៅទីក្រុងញូវយ៉ក រុស្ស៊ីប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេស កាលពីថ្ងៃចន្ទ ទី២៤មេសា ដោយផ្តោតសំខាន់ទៅលើប្រធានបទ ការពារគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ នៅក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ី ដែលតំណាងដោយរដ្ឋមន្រ្តីការបរទេស លោកស៊ែរហ្គេយ ឡាវរ៉ូវ បានរងការរិះគន់ពីក្រុមប្រទេសសមាជិកមួយចំនួន ព្រោះថា រុស្ស៊ី ដែលជាអ្នកធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ស្រាប់តែពេលនេះ ក្នុងនាមជាប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខ បានមកតាំងខ្លួនជាអ្នកការពារធម្មនុញ្ញសន្តិភាពរបស់អង្គការសហប្រជាជាតិទៅវិញ។