សវនាការលើសំណុំរឿង«សន្ទិដ្ឋិភាព» ពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមថ្ងៃដំបូងឡើងវិញហើយនៅថ្ងៃពុធនេះ ក្រោយខកខានអស់រយៈពេល២ឆ្នាំ ដោយសារកូវីដ-១៩។ ជាការកត់សម្គាល់សវនាការនេះ ត្រូវគេមើលឃើញថាមិនសូវមានភាពតានតឹងដូចជាសវនាការលើកមុនៗទេ ដោយសហមេធាវីការពារសិទ្ធិចុងចោទអាចធ្វើសំណូមពរទៅក្រុមប្រឹក្សាអង្គជំនុំជម្រះបាន ប្រកបដោយភាពវិជ្ជមាន។ ទោះយ៉ាងណាក្រុមមេធាវីតំណាងដោយអាណត្តិរបស់រដ្ឋាភិបាលក៏មានភស្តុតាង និងទឡ្ហីករណ៍រឹងម៉ាំខាងផ្លូវច្បាប់ផងដែរ នៅក្នុងដំណើរការតទល់ក្តីគ្នានេះ ខណៈមេធាវីការពារសិទ្ធិជនជាប់ចោទសង្ឃឹមថាកូនក្តីរបស់ពួកគេគឺលោក កឹម សុខា នឹងរួចផុតពីការចោទប្រកាន់។