ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តៃវ៉ាន់​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី ដោយ​មិនខ្លាចញញើតនឹងការគំរាមរបស់ចិន


Listen Later

ថ្ងៃសៅរ៍ទី​១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និង​ជ្រើសរើសប្រធានាធិបតីថ្មី​ផង។ ជាការបោះឆ្នោត​ដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង​ បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាម​ផង​មក​លើប្រជាជន​តៃវ៉ាន់ ដែល​មានទំនោរគាំទ្រការប្រកាសឯករាជ្យ​កាន់តែខ្លាំង​។​

មោទនភាព​នឹងលទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​

អ្នកកាសែតបារាំង AFP ដែលប្រចាំផ្ទាល់នៅតៃវ៉ាន់ បាន​ឲ្យដឹងថា ការបោះឆ្នោត​នៅថ្ងៃនេះ គឺបានប្រព្រឹត្តិធ្វើទៅ​ក្នុងបរិយាកាសមួយ យ៉ាងសស្រាក់សស្រាំ ដែលបង្ហាញអំពីទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ទូទៅ ដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់លទ្ធិប្រជាធិបតេយ្យ​ ព្រមទាំងរបបសេរីនិយមរបស់ទឹកដីខ្លួន។ ដូចយើងដឹងហើយ ប្រជាជនចិនដីគោកឯនោះ​វិញ គ្មានសិទ្ធិបញ្ចេញមតិ​តាមរយៈសន្លឹកឆ្នោតដូចនៅតៃវ៉ាន់ទេ។ ត្រង់ចំណុចនេះ គឺប្រជាជនតៃវ៉ាន់ មានមោទនភាពខ្លាំងនាស់ ដែល​ពួកគេបានកសាងស្ថាបនាជាតិមួយ ដែលរីកចម្រើន មានសិទ្ធិសេរីភាព មានប្រជាធិបតេយ្យ​ មិនមែនកុម្មុយនីស្តិដូច​ចិនប៉េកាំង។

ក្នុងចំណោមប្រជាជនតៃវ៉ាន់​ប្រមាណ​២៣លាននាក់ អ្នកមានសិទ្ធិបោះឆ្នោត​មានប្រមាណ​១៩លាននាក់។ ដោយសារតែមិនអាចបោះឆ្នោតពីបរទេសបាន គេ​សង្កេតប្រជាជនតៃវ៉ាន់​ខ្លះដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរត្រលប់ទៅតៃវ៉ាន់ ដើម្បីទៅបោះឆ្នោត​។ មនុស្ស​ម្នា​មក​បន្តកន្ទុយរងចាំ​ចូលទៅបោះឆ្នោត តាំងតែពីព្រលឹមស្រាងៗ នៅតាមការិយាល័យ​ទាំង ១៨០០០ការិយាល័យ។ ម៉ោង៤រសៀល ការិយាល័យបោះឆ្នោត​​ទាំងអស់​ត្រូវបិទទ្វារ​ ហើយលទ្ធផល​បឋម នឹងប្រកាសឲ្យ​ដឹង នៅវេលាល្ងាចថ្ងៃសៅរ៍នេះតែម្តង​។​

ពេលចេញពីបោះឆ្នោត លោកស្រី សៃ អ៊ីងវេន បានថ្លែងអំពាវនាវ​ប្រាប់ទៅប្រជាជនតៃវ៉ាន់ថា ប្រជាជនតៃវ៉ាន់មានវាសនាមានសំណាងណាស់ ដែល​បានរស់ក្នុងរបបប្រជាធិតេយ្យ មានសិទ្ធិសេរីភាពពេញបរិបូរណ៍​។​ ដូច្នេះ​ គ្រប់គ្នាត្រូវតែទៅចូលរួមបោះឆ្នោត បំពេញតួនាទីកាតព្វកិច្ចជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។​

ការបោះឆ្នោតថ្ងៃទី​១៣មករា​ គឺ​តៃវ៉ាន់ជ្រើសរើសប្រធានាធិបតីថ្មីផង និងជ្រើសរើសសមាជិកសភាទាំង ១១៣អាសនៈផង។ អនាគតសមាសភាពសភាថ្មី និងជាពិសេស គឺ​អនាគតប្រធានាធិបតី​តៃវ៉ាន់ថ្មី នឹងមកកំណត់ជោគវាសនា នៃទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ព្រមទាំងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ទាំងមូលតែម្តង។

គណបក្សទំនោរឯករាជ្យនិយមសង្ឃឹមឈ្នះ

បើ​ផ្អែកតាមការស្ទាបស្ទង់មតិ​​ គណបក្សប្រជាធិបតេយ្យ​សេរីនិយម ដែលបច្ចុប្បន្នដឹកនាំដោយ​លោកស្រី សៃ អ៊ីងវេន ត្រូវគេជឿថាអាចនឹងឈ្នះម្តងទៀត បានសំឡេងភាគច្រើននៅក្នុងសភា។ លោកស្រី​ សៃ អ៊ីងវេន​ បានកាន់មុខ​តំណែងប្រធានាធិបតី​២អាណត្តិហើយ ដូច្នេះមិនអាចឈរឈ្មោះទៀតបានទេ។ បេក្ខជនប្រធានាធិបតី​​របស់​បក្សនេះ គឺលោក Lai Ching-Te ឬ William Lai ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី​។​

គណបក្ស​​ប្រជាធិបតេយ្យ​​សេរីនិយមនេះ មានទំនោរចង់ឲ្យ​តៃវ៉ាន់មានឯករាជ្យ មានអធិបតេយ្យពេញបរិបូរ ទទួលស្គាល់ដោយ​ច្បាប់អន្តរជាតិ​។ ហេតុដូច្នេះហើយ បានជាចិនប៉េកាំងស្អប់លោកស្រី សៃ អ៊ីងវេន ស្អប់​លោក​ William Lai ហើយ​មិន​ចង់​ឲ្យ​គណបក្សប្រជាធិបតេយ្យសេរីនិយមឈ្នះឆ្នោត ដឹកនាំតៃវ៉ាននោះទេ។ តៃវ៉ាន់ ក្រោមការដឹកនាំរបស់​បក្សនេះ គឺនឹងកាន់តែក្លាហាន ហ៊ាន​ប្រកាសឯករាជ្យនៅថ្ងៃណាមួយ​។

ផ្ទុយទៅវិញ ចិនប៉េកាំង គាំទ្រ និងចង់ឃើញបក្សមួយទៀតឈ្នះឆ្នោត គឺបក្ស​ គួមីនតាង។ បេក្ខជនប្រធានាធិបតី​​របស់​បក្សគួមីនតាង ឈ្មោះ Hou Yu-Ih។ ជាទំលាប់តរៀងមក គណបក្សគួមីនតាង មានបន្ទាត់នយោបាយ ងាកទៅខាងចិនដីគោក ចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អគ្រប់វិស័យទាំងអស់ជាមួយចិនដីគោក។

ក៏ប៉ុន្តែ តាមការសង្កេត​វិភាគទៅ សង្គមតៃវ៉ាន់មានការពុះចែក​មតិគ្នាខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ​។ ប្រជាជន​តៃវ៉ាន់​ ថ្វីបើអ្នកខ្លះមិនចង់ឃើញសង្គ្រាមផ្ទុះឡើងជាមួយចិនមែន តែពួកគេ​គិតថា​បើបណ្តោយ​ឲ្យ​បក្សគួមីនតាង ដឹកនាំ​តៃវ៉ាន់ នោះ​មិនយូរមិនឆាប់ ប្រជាជនតៃវ៉ាន់នឹងលែងមានសិទ្ធិសេរីភាព​ លែងមានប្រជាធិបតេយ្យ​ ដោយសារ​តែ​ចិន​ប៉េកាំង​នឹងចូលមកជ្រៀតជ្រែក ប្រើប្រាស់ឥទ្ធិពល​មកលើតៃវ៉ាន់។

ចិន៖ “ប្រជាជនតៃវ៉ាន់ប្រយ័ត្នសម្រេចចិត្តខុស!”

ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះ ចិនបាន​បង្កើនការដាក់សំពាធខ្លាំងណាស់ មកលើតៃវ៉ាន់ ទាំង​ផ្នែកការទូត ទាំងផ្នែក​យោធា។ ប៉េកាំងបាន​ថ្លែងការណ៍ ប្រកាសដោយចំៗប្រាប់ទៅប្រជាជនតៃវ៉ាន់ ថាត្រូវសម្រេចចិត្តឲ្យត្រឹមត្រូវ កុំសម្រេចចិត្តខុសឲ្យសោះ។ ប៉េកាំងបានគំរាមថា កងទ័ពចិន ត្រៀម​ប្រុងប្រៀបរួចរាល់ហើយ នឹងកំទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យ​របស់តៃវ៉ាន់​។

ផ្អែក​តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបង្ហោះយាន​ប៉េតប៉ោង ឈ្លបយកការណ៍​ចំនួន៥គ្រឿង ចូលទៅកៀកតៃវ៉ាន់។ ប្រភពដដែលនេះ អះអាងថា ចិនបាន​បញ្ជូនយន្តហោះចម្បាំងចំនួន​១០គ្រឿង និងនាវាចម្បាំង​៦គ្រឿងទៀត ឲ្យ​មកក្រវែល បំភ័យប្រជាជនតៃវ៉ាន់។ ហើយនៅថ្ងៃសៅរ៍ ពេលប្រជាជនតៃវ៉ាន់កំពុងទៅបោះឆ្នោត ផ្អែកតាមអ្នកកាសែតបារាំង AFP គឺ​​មានយន្តហោះចម្បាំងចិន១គ្រឿង បានហោះកាត់ទីក្រុង Pingtan ទីក្រុងចិនដែលស្ថិតនៅកៀកនឹងតៃវ៉ាន់បំផុត។ នៅលើបណ្តាញសង្គម Weibo វិញ អាជ្ញាធរចិនបាន​បិទខ្ទប់ Hashtag “បោះឆ្នោតតៃវ៉ាន់” នៅព្រឹកថ្ងៃសៅរ៍ ដើម្បីរារាំង កុំឲ្យ​មានការចែករំលែកព័ត៌មានតៗគ្នា ស្តីពីការបោះឆ្នោតនេះ​។

បញ្ហាលក្ខន្តិកៈរបស់កោះតៃវ៉ាន់នេះ គឺវាស្មុគស្មាញខ្លាំងណាស់។ វាជាចំណុចមួយ ដែល​បង្កើតឲ្យ​មានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាង​ចិននឹងអាមេរិក​​។ កាលពីថ្ងៃសុក្រម្សិលមិញ នៅវ៉ាស៊ីនតោន លោកប្រមុខការទូតអាមេរិក អង់តូនីប្លីងកិន បានជួបជាមួយ​លោក Liu Jangchao មន្ត្រីទទួល​បន្ទុកកិច្ចការអន្តរជាតិ នៃ​បក្សកុម្មនុយនិស្តចិន។​ លោក​អង់តូនី ប្លីងកិន បានប្រាប់​ទៅភាគីចិនថា ​វាជារឿងចាំបាច់ណាស់ ដែល​ត្រូវតែ​រក្សាការពារសន្តិភាព ​និង​ស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់។

ដូចយើងដឹងច្បាស់ហើយ បើសង្គ្រាម​តៃវ៉ាន់ផ្ទុះឡើងមែន សេដ្ឋកិច្ចពិភពលោកយើងប្រាកដជាលំបាកវឹកវរខ្លាំងណាស់។ ទីមួយដោយសារតែវ៉ាន់​ជាអ្នកផ្គត់ផ្គង់៧០%នៃ​ឧបករណ៍សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុតប្រើក្នុងសម្ភារៈបច្ចេកវិទ្យា​។ ទី២ គឺច្រកសមុទ្រតៃវ៉ាន់ គឺជា​ផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញអន្តរជាតិចំនួន​៥០%ឯណោះ។​ បើសេដ្ឋកិច្ចពិភពលោក​វឹកវរ មានន័យថាសេដ្ឋកិច្ចចិន​ក៏រងការលំបាកខ្លាំងដែរ។ ដូច្នេះមិនប្រាកដថាចិន​ហ៊ាន​ធ្វើសង្គ្រាមនេះទេ។ យ៉ាងណាមិញ លោក Liu Pei-Chi គ្រូបង្រៀនម្នាក់នៅតៃប៉ិ បាន​និយាយថាប្រជាជនតៃវ៉ាន់ មិនទៅ​ឆោត ខ្លាច​ការគំរាមរបស់ចិនទេ ព្រោះចិនគ្រាន់តែជាខ្លាក្រដាសតែប៉ុណ្ណោះ។

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners