ថ្ងៃព្រហស្បតិ៍ ទី១៣កក្កដាស្អែកនេះ សភាថៃទាំង២អង្គ និងបើកការប្រជុំរួមគ្នាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី មកដឹកនាំរដ្ឋាភិបាល។ សម្ព័ន្ធគណបក្សចម្រុះ ដឹកនាំដោយបក្សកាវក្លៃ ដែលជាអ្នកបានសំឡេងឆ្នោតនាំមុខគេកាលពីពេលបោះឆ្នោតនៅចុងខែឧសភា បានស្នើបេក្ខជននាយករដ្ឋមន្ត្រីគឺលោក ភិថា លីមចារើនរ៉ាត់។ ក៏ប៉ុន្តែ ស្រាប់តែនៅថ្ងៃពុធនេះ គណកម្មជាតិជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាស សម្រេចស្នើឲ្យព្យួរបេក្ខភាពរបស់លោក ភិថា លីមចារើនរ៉ាត់ បន្ទាប់ពីបានស៊ើបអង្កេតអស់ជិត១ខែ ទាក់ទិននឹងការបំពានច្បាប់បោះឆ្នោត។ កាលៈទេសៈនយោបាយថៃ ពេលនេះកំពុងតែរំជើបរំជួលខ្លាំងណាស់ ដោយគ្មាននរណាអាចដឹងបានទេ ថាលោកភិថា លីមចារើនរ៉ាត់ ពិតជាអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីឬយ៉ាងណានោះទេ។