ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ


Listen Later

នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី​៦​កញ្ញាកន្លងទៅ​។ លោកស្រី ភែថងថាន គឺជាមនុស្សទី​៣ហើយ នៃវង្សត្រកូល​ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង​២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូល​ស៊ីណាវ៉ាត្រ មិនបាន​ទៅណាឆ្ងាយ​ឡើយ​ ពីឆាកនយោបាយ​ថៃ ហើយ​បន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ​​​ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។

មុន​លោកស្រី ភែថងថាន មនុស្សក្នុងវង្សត្រកូលស៊ីណាវ៉ាត្រ បាន​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចំនួន​២នាក់រួចមកហើយ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឪពុករបស់លោកស្រីភែថងថាន គឺជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ​២០០១ ដល់២០០៦។ ចំណែក​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូន​ស្រីរបស់​លោកថាក់ស៊ីន កាន់មុខតំណែងនេះ​ពីឆ្នាំ​២០១១ដល់​២០១៤។ នេះនៅមិនទាន់​រាប់លោក សុមឆៃ វង់សាវ៉ាតផងទេ ដែលលោក​គឺជា​ស្វាមីរបស់​លោកស្រី យ៉ាវវ៉ាផា ស៊ីណាវ៉ាត្រ វង់សាវ៉ាត ប្អូនស្រីបង្កើតរបស់​លោកថាក់ស៊ីន​។ លោកសុមឆៃ​ វង់សាវ៉ាត អតីតប្រធានគណបក្សផាឡាំង​ប្រាឆាឈុន ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ បាន​២ខែដែរ​នៅឆ្នាំ​២០០៨។

គ្រួសារដ៏មានឥទ្ធិពល​លើនយោបាយថៃ

របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែលមានចំណាស់ជិតមួយសតវត្សមកហើយនេះ គឺគ្មានវង្សត្រកូលគ្រួសារ​ណាមួយ ដែល​អាចមានឥទ្ធិពល​លើនយោបាយថៃ ដូចគ្រួសារស៊ីណាវ៉ាត្រឡើយ​។ ហើយក៏គ្មាននរណាផ្សេងទៀត អាចមានឥទ្ធិពលធ្វើ​ឲ្យ​ប្រទេសថៃពុះចែក​និន្នាកាជាពីរ ដូចលោក​ថាក់ស៊ីនឡើយ​។

នៅអំឡុង​មុន​ឆ្នាំ​២០០០ លោកថាក់ស៊ីន គឺជាអ្នកជំនួញ​ដ៏មានប្រជាប្រិយ​ភាព​ មុននឹងចូលមកដឹកនាំ​បក្សភឿថៃ ហើយ​បាន​ឈ្នះឆ្នោតក្លាយ​ជានាយករដ្ឋមន្ត្រី។ ការដឹកនាំបែបថ្មី​របស់​លោក ត្រូវបាន​អ្នកវិភាគសំឡឹងឃើញថា មានលាយទៅដោយ​គំនិត​សេរីនិយមផង និង​ប្រើអំណាចផ្តាច់ការលាយឡំផង។ លោកបានទទួលការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​ពី​ប្រជាជនថៃក្រីក្រនៅតាមជនបទ បន្ទាប់ពីលោក​បានអនុវត្ត​ផែនការនយោបាយជួយអ្នកក្រីក្រ ដែល​រងការលំបាក​ក្រោយវិបត្តិសេដ្ឋកិច្ច​ឆ្នាំ​១៩៩៧​។

តែទន្ទឹមនឹងនេះ គូប្រជែង​នយោបាយ​របស់លោកថាក់ស៊ីន ដែលសុទ្ធតែអ្នកមានអំណាចចាស់ឆ្នាំ ស្និទ្ធនឹង​ព្រះបរមរាជវាំង ស្និទ្ធ​នឹង​​ក្រុមយោធាថៃ បានចោទ​ថាលោកថាក់ស៊ីន គឺ​ជាមនុស្សប្រជាភិថុត បោកប្រាស់ទិញទឹកចិត្តប្រជាជន​ ពុករលួយ និង​​គិតតែចំណេញក្នុងមុខជំនួញខ្លួន​។ នៅឆ្នាំ​២០០៦ ១ឆ្នាំបន្ទាប់ពីលោក​កាន់អំណាចអាណត្តិទី​២ ក្រុមយោធាអភិរក្សនិយម បានធ្វើរដ្ឋប្រហារទំលាក់​លោក​។ ការប្រឈមមុខដាក់គ្នារវាងក្រុមអភិរក្សនិយម និង​ក្រុម​លោកថាក់ស៊ីន បាន​ពុះ​ចែក​ប្រទេសថៃជា​២ អស់រយៈពេលជាច្រើនឆ្នាំ។ កំឡុងឆ្នាំ​២០១០ បាតុកម្មហិង្សាប្រទូស្តរាយគ្នាយ៉ាងខ្លាំង រវាង​ក្រុមអាលឿងដែលគាំទ្រក្រុមអភិរក្សនិយម និងក្រុមអាវក្រហម​ដែលគាំទ្រ​លោកថាក់ស៊ីន​។

ស្ងប់បន្តិចមក លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីពៅរបស់​លោកថាក់ស៊ីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ​២០១១។ តែបានតែជាង​២ឆ្នាំ រដ្ឋប្រហារយោធាថ្មីមួយទៀត បានទម្លាក់លោកស្រីពី​តំណែងនៅខែ​ឧសភាឆ្នាំ​២០១៤។ ក្រុមយោធាថៃបាន​បន្តដឹកនាំប្រទេស រហូតដល់ឆ្នាំ​២០២៣ មុននឹងបើកផ្លូវ​ឲ្យ​មានការបោះឆ្នោតឡើងវិញ ហើយ​បានហុចឱកាស​ ឲ្យក្រុមគ្រួសារស៊ីណាវ៉ាត្រ ត្រលប់​មក​កៀកនឹងអំណាចសាជាថ្មី​។

គ្រួសារស៊ីណាវ៉ាត្រ អាចត្រឡប់មក​កាន់អំណាចវិញដោយរបៀបណា?

អ្វីដែលជាការកត់សំគាល់ ការវិលត្រលប់​មកកាន់អំណាច​របស់​គ្រួសារស៊ីណាវ៉ាត្រ​ នៅលើកនេះ គឺ​កើតឡើងដោយយុទ្ធសាស្ត្រ​ចាប់ដៃជាមួយអតីតសត្រូវ ពោលគឺក្រុមយោធាថៃ។​ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ ដែល​បានស្បថចូលកាន់អំណាចកាលពីថ្ងៃសុក្រទី​៦កញ្ញាថ្មីៗនេះ គឺជារដ្ឋាភិបាលចម្រុះ កើតចេញពី​ការប្រមូលផ្តុំរវាងបក្សភឿថៃ និងបក្សតូចប្រមាណ១០គណបក្សទៀត។ ក្នុងចំណោមបក្សតូចៗទាំងនេះ គឺមាន​មនុស្សមួយចំនួន ត្រូវគេស្គាល់យ៉ាងច្បាស់ ថាមានទំនោរស្និទ្ធនឹងក្រុមយោធាថៃ​។

សម្ព័ន្ធភាព​រវាងបក្សភឿថៃ និងក្រុមយោធាអភិរក្សនិយម ដែលកាលពីអតីតកាល​ ធ្លាប់ជារឿងដែល​មិន​អាចទៅរួចនោះ បានលេចចេញជារូបរាងនៅរវាងឆ្នាំ​២០២៣ ក្រោយការបោះឆ្នោត​នៅខែឧសភា។ ការបោះឆ្នោត​ដែលផ្តល់លទ្ធផលជ័យជំនះដ៏គគ្រឹកគគ្រេង ជូន​គណបក្សថ្មីមួយ​ដឹកនាំដោយ​មនុស្ស​វ័យក្មេង គឺគណបក្ស​ Move Forward។ គណបក្សនេះបានទទួលការគាំទ្រខ្លាំងណាស់ ពិសេសពីសំណាក់យុវជនថៃ ដោយសារតែបក្សនេះ​មានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ បើកទំព័រសក្ករាជ​ថ្មី បិទបញ្ចប់អំណាចផ្តាច់មុខ​របស់​ក្រុមអ្នកស្និទ្ធនឹងរាជវង្សឬក្រុមយោធា​។​ តែនៅទីបំផុត​ គណបក្ស Move Forward ត្រូវ​គេរារាំង​មិន​ឲ្យបង្កើតរដ្ឋាភិបាល​បាន​។

ផ្អែកតាមការវិភាគរបស់​លោក Khemthong Tonsakulrungruang សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ​ជូឡាឡុងកន ការស្ទុះហក់ឡើងដ៏ខ្លាំងក្លានៃគណបក្ស​ Move Forward គឺជាការ​គំរាមមួយដ៏ធំ មកលើក្រុមអ្នកមានអំណាចអ្នកមានឥទ្ធិពលចាក់ឬសយូរឆ្នាំ ក្នុងបណ្តុំក្រុមយោធានិងរាជានិយមថៃ​។ ដោយហេតុនេះហើយ ទើបគេងាកទៅបង្កើតសម្ព័ន្ធភាពជាមួយ​បក្ស​ភឿថៃវិញ ព្រោះថា​កម្រិតគ្រោះថ្នាក់មានទាបជាង​។

បក្សភឿថៃដឹកនាំដោយ​លោកស្រី​ភែថងថាន ដែល​ឈ្នះសន្លឹកឆ្នោតលំដាប់ទី​២ បានសម្រេច​ចិត្ត​ចាប់ដៃ​ជាមួយ​គូសត្រូវចាស់​ ដើម្បីបង្កើតរដ្ឋាភិបាល។ ជាថ្នូរនឹងការចាប់ដៃនេះ លោកថាក់ស៊ីន ដែលបានភៀសខ្លួនទៅក្រៅស្រុក​អស់​១៥ឆ្នាំមកហើយនោះ ទំនងជាងបានទទួលការសន្យាលើកលែងទោស ហើយអាច​ត្រឡប់ចូលស្រុកវិញ។ នៅខែសីហាឆ្នាំ​២០២៣ លោក​ថាក់ស៊ីនបានទៅដល់បាងកកវិញមែន ហើយត្រូវតុលាការដោះលែងឲ្យ​មានសេរីភាព​។

ឧបសគ្គនិងគ្រោះថ្នាក់ចំពោះមុខ

លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ មានអាយុ៣៨ឆ្នាំ គឺជាស្ត្រីនាយករដ្ឋមន្ត្រី​ថៃវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។ លោកស្រីបាននាំមកនូវជំនោរត្រជាក់ថ្មី​មួយ មលលើឆាកនយោបាយថៃ ដែល​ពោរពេញទៅសុទ្ធតែមនុស្សប្រុសហើយវ័យចំណាស់​។ ក៏ប៉ុន្តែ​ ក្រៅតែពីមាននាមត្រកូល ស៊ីណាវ៉ាត្រ លោកស្រីភែថងថាន ត្រូវបានគេសម្លឹងឃើញថា មានបទពិសោធន៍តិចណាស់ មិនថា​នយោបាយ ឬសេដ្ឋកិច្ច​។

លោក Virot Ali អ្នកវិភាគនៅសកលវិទ្យាល័យថាម៉ាសាត ក្រុងបាងកក បាន​លើកឡើងថា អ្វីៗនឹងមិនស្រួលប៉ុន្មានទេ សម្រាប់​លោកស្រី​ភែថងថាន។ សេដ្ឋកិច្ច​ថៃ ចាប់តាំងពីក្រោយ​កូវីដ​១៩មក មិនទាន់ល្អប្រសើរឡើងវិញឡើយ។ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា​វៀតណាម ឬឥណ្ឌូណេស៊ី​ ថៃហាក់ដូចជា​មានការលំបាកក្នុងការទាក់ទាញ​អ្នកវិនិយោគ​។ រដ្ឋាភិបាល​មុនដឹកនាំដោយ​លោក សេដ្ឋា ថៈវីស៊ីន បាន​ប្រឹងប្រែងផ្សព្វផ្សាយ​ខ្លាំង​លើវិស័យទេសចរណ៍ ហើយទទួលផ្លែផ្កាខ្លះ។ តែវិស័យផ្សេងទៀត ហាក់ដូចជានៅទ្រឹងដដែល​។

ជាងនេះទៀត មានការបារម្ភថា លោកស្រីភែថងថាន ទំនង​​ពុំមានស្វ័យភាព​គ្រប់គ្រាន់ទេ ក្នុងការសម្រេចចាត់ចែងកិច្ចការ​។ លោក Napon Jatusripitak អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​​នៅ​ ISEAS-Yusof Ishak Institute នៅសិង្ហបុរី បាន​លើកឡើងថា លោកស្រីភែថងថាន ត្រូវការកសាង​ភាពពេញច្បាប់របស់ខ្លួន​ ដើម្បីកាន់អំណាច​។ ជាការងារមិនស្រួលប៉ុន្មានទេ ព្រោះស្រមោលឪពុកលោកស្រី នៅតែបន្តគ្របបាំងឲ្យ​ងងិត។

ជាងនេះទៀត ក្រុមអ្នកមានអំណាច​ ដែល​ស្និទ្ធនឹង​ក្រុម​​យោធា ព្រមទាំងព្រះបរមរាជវាំងថៃ ដែល​កន្លង​មក​មិនដែលពេញចិត្តលោកថាក់ស៊ីននោះ មានលទ្ធភាពច្រើនណាស់ ដើម្បី​កាច់បំបាក់​រដ្ឋាភិបាល​របស់​លោកស្រីភែថងថាន​។ អំណាចតុលាការ​ស្ថិតនៅក្នុងដៃរបស់​ក្រុមនេះទាំងស្រុង។

លោក Khemthong Tonsakulrungruang បាន​ពន្យល់ថា ​ក្រុមយោធា​អភិរក្សនិយម អាចប្រើប្រាស់តុលាការ រកវិធី​រារាំងលោកស្រីភែថងថាន ប្រសិនបើរដ្ឋភិបាលលោកស្រី ​ធ្វើអ្វីមួយដែលជ្រុលហួសពីការចង់​បាន​របស់គេ​។ យ៉ាងណាមិញ លោកសេដ្ឋា ថៈវីស៊ីន បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី គឺដោយសារតែតុលាការធម្មនុញ្ញថៃ ធ្វើទៅតាម​ការញាក់របស់​ក្រុម​យោធាអភិរក្សនិយម​។ ដូច្នេះ​ប្រសិន​បើ​លោកថាក់ស៊ីន ឬក៏រដ្ឋាភិបាល​របស់​កូនស្រីលោក ហ៊ានតែ​ធ្វើអ្វីមួយខុសគន្លងគេ នោះគេនឹង​ប្រើ​​ប្រព័ន្ធតុលាការ​ ឲ្យរកវិធីទំលាក់​រដ្ឋាភិបាលនេះ​ឲ្យខាងតែបាន​៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners