នៅក្នុងប្រទេសថៃ នាយករដ្ឋមន្រ្តីលោកប្រាយុទ្ធ ចាន់អូចាកំពុងប្រឈមនឹងរយៈពេលនៃការកាន់តំណែងដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ តាមច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន រយៈពេលនៃការកាន់តំណែងបន្តគ្នារបស់នាយករដ្ឋមន្រ្តីត្រូវបានកំណត់ត្រឹម ៨ឆ្នាំ។ ដូច្នេះនៅថ្ងៃពុធ ទី២៤ សីហា លោកប្រាយុទ្ធ ចាន់អូចាកាន់តំណែងបាន ៨ឆ្នាំ ព្រោះលោកបានចូលកាន់តំណែងតាំងពីថ្ងៃទី២៤ សីហា ឆ្នាំ ២០១៤។ ក្រុមប្រឆាំងបានលើកយកច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា ១៥៨ ជាសំអាងដើម្បីទាមទារឲ្យលោកចាន់អូចាចុះចេញពីតំណែង។ យ៉ាងណាក៏ដោយ រឿងរ៉ាវមួយនេះកំពុងស្ថិតក្នុងដៃតុលាការធម្មនុញ្ញ។