នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ គួររម្លឹកថាកាលពីជិត ១ឆ្នាំមុន ពោលគឺក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ដោយឃុំនៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិនយោបាយទាំងអស់។ ការលើកយកសំណុំរឿងសន្ទិដ្ឋិភាពលោក កឹម សុខា ទៅជំនុំជម្រះដោយសាលាឧទ្ធរណ៍ពេលនេះ នៅមិនទាន់ដឹងលទ្ធផលចុងក្រោយយ៉ាងណាទេ។ ក៏ប៉ុន្តែអ្នកវិភាគនានាបានមើលឃើញច្រកចេញ ឬសេណារីយ៉ូនយោបាយផ្សេងៗគ្នាដោយខ្លះថា ទំនងមិនខុសពីតុលាការជាន់ទាប និងខ្លះទៀតយោងលើទិដ្ឋភាពជាក់ស្តែងនៃច្បាប់ និងនយោបាយកម្ពុជាសព្វថ្ងៃ។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយមើលឃើញថាសវនាការលើសំណុំរឿងលោក កឹម សុខា ទំនងជាមិនមានអ្វីប្រែប្រួលពីអ្វីដែលបានធ្វើឡើងដោយតុលាការជាន់ទាបទេ។