ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) នៅកម្ពុជា អាចអនុវត្តក្នុងពេលណាមួយ ប្រសិនបើអាត្រាគ្រោះថ្នាក់ចរាចរណ៍លើអ្នកបើកម៉ូតូកើនឡើងច្រើនគួរកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ ដោយលើកហេតុផលថា ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ជាហេតុផលដែលអ្នកឃ្លាំមើលយល់ថាមិនត្រឹមត្រូវ ហើយផ្ទុយទៅវិញ រដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះចេញពីការពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់។ សម្រាប់អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកយល់ថា កម្ពុជាគួរកំណត់ឱ្យពលរដ្ឋមានបណ្ណបើកបរម៉ូតូត្រឹមត្រូវ ព្រោះថាអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៧០-៨០ភាគរយ កើតលើអ្នកបើកបរម៉ូតូកម្លាំងចាប់ពី១២៥ cc ចុះ។