ជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានប្រាប់បរទេសឲ្យដកខ្លួនចេញពីសំណុំរឿងវិវាទការងារនៅណាហ្គាវើលដ៍។ លោក ហ៊ុន សែន អះអាងថា ការបន្តធ្វើបាតុកម្មជិត២ឆ្នាំមកនេះ ដោយសារតែបរទេសផ្ដល់ប្រាក់ឧបត្ថម្ភនៅពីក្រោយ។ ប៉ុន្តែតំណាងអ្នកធ្វើការតវ៉ាប្រឆាំងនឹងការបញ្ឈប់ពីការងារ«ក្រោមហេតុផលរើសអើងសហជីព»អះអាងថា ប្រសិនបើមានអ្នកឧបត្ថម្ភមែន នោះមិនមែនអ្នកធ្វើកូដកម្មថយចុះតាំងពីរាប់រយនាក់មកនៅសល់តែជាង១០០នាក់នេះទេ។ តើដោយសារតែការចោទប្រកាន់ថា«ស៊ីឈ្នួលបាតុកម្ម»ទើបគ្មានដំណោះស្រាយវិវាទការងារនេះឬយ៉ាងណា?