ការផ្តល់សេវាឥណទាន ឬកម្ចីខុសច្បាប់កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅកម្ពុជា មិនថានៅតាមប្រព័ន្ធអនឡាញ ឬតាមខ្នងផ្ទះរបស់ប្រជាជនឡើយ។ កម្ចីក្រៅប្រព័ន្ធនេះគឺមានការប្រាក់ខ្ពស់ចម្លោះពី១០ ទៅ២០ភាគរយ។ ចំណែកអ្នកខ្ចីខ្លះត្រូវទទួលរងហិង្សា ឬការគំរាមបញ្ចេញរូបភាពអាសអាភៀស បើមិនព្រមសងបំណុល។ នេះបើតាមសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ខណៈធនារគារជាតិ និងក្រសួងមហាផ្ទៃ ទទួលស្គាល់បញ្ហានេះថាកំពុងតែកើតមានគួរឲ្យបារម្ភ។ តើការផ្តល់ប្រាក់កម្ចីខុសច្បាប់ជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់?