ទៅតាមសំណើរបស់អាមេរិក អង្គការសហប្រជាជាតិបានបោះឆ្នោត កាលពីថ្ងៃ ព្រហស្បតិ៍ទី ៧មេសាដើម្បី ព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាមួយសំឡេងគាំទ្រ ចំនួន៩៣សំឡេង និងសំឡេងប្រឆាំង ចំនួន ២៤។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥៨ដែលបោះឆ្នោតអនុបវាទ ចំណែកប្រទេសចំនួន ១៨ ដែលមានម៉ារ៉ុក និងលីបង់ជាដើម មិនបានចូលរួមក្នុងដំណើរការបោះឆ្នោត ព្យួរសមាជិកភាពរបស់រុស្ស៊ី នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះទេ។ ប្រតិកម្មទៅនឹងការបោះឆ្នោត ព្យួរសមាជិកភាពរបស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានប្រកាសថា រុស្ស៊ីបានដកសមាជិកភាពរបស់ខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សមួយនេះ របស់អង្គការសហប្រជាជាតិ។